ថៃ សម្រេចពន្យាររយៈពេលប្រមូលពន្ធអាករ ៧% រយៈពេលពីរឆ្នាំទៀត ដើម្បីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុដល់អាជីវកម្ម និងប្រជាជន
សេដ្ឋកិច្ច August 27, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus គណៈរដ្ឋមន្រ្តីថៃបាន​បើកភ្លើងខៀវពន្យារពេលប្រមូលពន្ធអាករបន្ថែម ៧% សម្រាប់រយៈពេល ២ឆ្នាំទៀត។ ការពន្យារពេលនេះ គឺក្នុងគោលបំណង កាត់បន្ថយបន្ទុកហិរញ្ញវត្ថុដល់អាជីវកម្ម និងប្រជាជនដែលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកស្រី Rachada Dhanadirek អនុប្រធានអ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា អាករលើតម្លៃបន្ថែម ៧% នឹងបន្តអនុវត្តរហូតដល់ថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២៣ ខណៈអត្រាពន្ធ ៧% ដែលត្រូវបានពន្យារពេលជាច្រើនដងនេះ គ្រោងនឹងផុតកំណត់នៅថ្ងៃទី ៣០ ខែកញ្ញាឆ្នាំនេះ។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Arkhom Termpittayapaisith បាននិយាយថា វិធានការនេះ គឺជាវិធានការមួយក្នុងចំណោមវិធានការជាច្រើន ដែលរដ្ឋាភិបាលកំពុងអនុវត្តដើម្បីបង្កើនទំនុកចិត្តអាជីវកម្ម និងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច។

គួរឱ្យដឹងថា ក្រសួងហិរញ្ញវត្ថុបានប្រាប់ខុទ្ទកាល័យថា ចាប់តាំងពីត្រីមាសទី ៣ នៃឆ្នាំ ២០២០ មកសេដ្ឋកិច្ចថៃបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត ដោយការធ្លាក់ចុះនៃការប្រើប្រាស់ឯកជន ការធ្លាក់ចុះទំនុកចិត្តអតិថិជន និងការធ្លាក់ចុះយ៉ាងខ្លាំងនៃចំណូលទេសចរណ៍។ កត្តាទាំងនោះត្រូវបានគេរំពឹងថា នឹងធ្វើឱ្យសេដ្ឋកិច្ចថៃខកខានគោលដៅកំណើន ១.៥-២.៥% របស់ក្រសួងសម្រាប់ឆ្នាំនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus