ស្ងាត់ៗ! ឥណ្ឌូនេស៊ីសហការជាមួយចិន សាងសង់រោងចក្រផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩
សេដ្ឋកិច្ច August 25, 2021 Khmernote

ក្រុមហ៊ុនចិន និងឥណ្ឌូនេស៊ីកំពុងសហការគ្នាសាងសង់រោងចក្រផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីបំពេញតម្រូវការនៅប្រទេសឥណ្ឌូនេស៊ី នេះបើយោងតាមរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រនិងវិនិយោគនៃប្រទេសឥណ្ឌូនេស៊ី លោក Luhut Binsar Pandjaitan។

ថ្លែងនៅក្នុងកិច្ចប្រជុំរបស់សមាគមសហគ្រិនឥណ្ឌូនេស៊ីនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១ រដ្ឋមន្រ្តីរូបនេះបានបញ្ជាក់ថា ឥណ្ឌូនេស៊ីបានលើកទឹកចិត្តដល់ក្រុមហ៊ុនចិន និងឥណ្ឌូនេស៊ីដើម្បីបង្កើតឧស្សាហកម្មវ៉ាក់សាំងនៅឥណ្ឌូនេស៊ី។ ទោះបីជាយ៉ាងណាក្ដី លោក Luhut Binsar Pandjaitan មិនបានបង្ហាញឈ្មោះក្រុមហ៊ុនទាំងនោះទេ ប៉ុន្តែបាននិយាយថា ពួកគេនឹងចាប់ផ្តើមផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយប្រើបច្ចេកវិទ្យា mRNA ហើយនឹងចាប់ផ្តើមនៅខែមេសាឆ្នាំក្រោយ។

ជាមួយគ្នានេះ វ៉ាក់សាំងដែលមានឈ្មោះថា Merah Putih ដែលបង្កើតឡើងដោយស្ថាប័ន និងសាកលវិទ្យាល័យចំនួន ៦ របស់ឥណ្ឌូនេស៊ីក៏នឹងត្រូវផលិតនៅខែឧសភា ឬមិថុនាឆ្នាំក្រោយដែរ។ លោក Luhut Binsar Pandjaitan បាននិយាយថា ដោយសារជំងឺរាតត្បាតកូវីដ-១៩ ត្រូវបានគេព្យាករណ៍ថា នឹងរីករាលដាលក្នុងរយៈពេលពីរឆ្នាំខាងមុខ រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងរៀបចំយុទ្ធសាស្ត្រដើម្បី “រស់នៅ” ជាមួយជំងឺរាតត្បាត រួមទាំងការបន្តគោរពយ៉ាងតឹងរ៉ឹងជាមួយបទបញ្ជាសុខាភិបាល។

គួរឱ្យដឹងផងដែរថា កាលពីខែមុនរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Budi Gunadi Sadikin បាននិយាយថា រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងធ្វើការជាមួយអង្គការសុខភាពពិភពលោក ដើម្បីបញ្ចប់កិច្ចព្រមព្រៀងស្តីពីការសាងសង់មជ្ឈមណ្ឌលផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមានទីតាំងនៅប្រទេសឥណ្ឌូនេស៊ី។ មជ្ឈមណ្ឌលនេះត្រូវបានគេរំពឹងថា នឹងផលិតវ៉ាក់សាំងដោយផ្អែកលើបច្ចេកវិទ្យា DNA និង mRNA តាមការទាមទាររបស់ប្រព័ន្ធសុខាភិបាលពិភពលោក៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus