ទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចធំបំផុតរបស់ប្រទេសវៀតណាម នឹងបង្កើតផែនទីបង្ហាញផ្លូវ ដើម្បីបើកដំណើរការសេដ្ឋកិច្ចឡើងវិញបន្តិចម្ដងៗ នេះបើយោងតាមប្រសាសន៍របស់ ប្រធានសាលាក្រុងថ្មី គឺលោក Phan Van Mai។ នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃអង្គារ លោក Phan Van Mai បានមានប្រសាសន៍ថា ការបើកសេដ្ឋកិច្ច បានក្លាយជាកិច្ចការបន្ទាន់ ប៉ុន្តែនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺរាតត្បាត ដែលអាចបន្តកើតមានជាយូរមកហើយ ទីក្រុងនឹងត្រូវរៀបចំផែនការដែលសមស្របនឹងស្ថានភាពថ្មីនេះ។
លោកបានបន្ថែមថា ទោះបីជាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅតែជាអាទិភាពកំពូលក៏ដោយ ក៏ការបើកសេដ្ឋកិច្ចឡើងវិញ នៅតែជារឿងដ៏សំខាន់។ ជាក់ស្ដែង នៅប៉ុន្មានថ្ងៃខាងមុខនេះ ទីក្រុងនឹងមានអង្គភាពរៀបចំផែនការ ដើម្បីកំណត់ពីដំណោះស្រាយជាក់លាក់ ដែលត្រូវអនុវត្តចាប់ពីពេលនេះដល់ពាក់កណ្តាលខែកញ្ញា និងពេលទៅមុខទៀត។
គួរបញ្ជាក់ផងដែរថា អស់រយៈពេលជិត ៣ ខែមកហើយ ដែលទីក្រុងហូជីមិញបានក្លាយជាចំណុចកណ្តាលនៃការរាតត្បាតវីរុសកូវីដ-១៩ រលកទី៤ របស់វៀតណាមដែលបានលេចចេញកាលពី ៤ ខែមុន។ ហើយរហូតមកដល់ពេលនេះ ទីក្រុងនេះបានកត់ត្រាករណីក្នុងស្រុកចំនួន ១៨៤,៨៧២ ករណី និងមានអ្នកស្លា.ប់ចំនួន ៧,៣០២ នាក់៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress


