ខេត្តកំពង់ស្ពឺ ត្រូវបានចាត់ទុកជាខេត្តដ៏មានសក្ដានុពលមួយក្នុងប្រទេសកម្ពុជា ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ សង្កេតឃើញថា រោងចក្រ សហគ្រាសធំៗបានសម្រុកបោះពួយចូលវិនយោគនៅក្នុងទឹកដីខេត្តនេះមិនតិចនោះទេ ដែលធ្វើឱ្យខេត្តកាន់តែមានការអភិវឌ្ឍន៍ និងរីកចម្រើនជាលំដាប់។ យ៉ាងណាមិញបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ខេត្តកំពង់ស្ពឺ នឹងទទួលបានវិនិយោគដ៏ធំមួយទៀតតម្លៃដល់ទៅរាប់លានដុល្លារ និងបង្កើតការងាររាប់រយកន្លែងទៀតផង។
សេចក្ដីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន CAMBODIAN XING CAN SHI PIN CO., LTD. លើគម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ (ដំណាប់ស្វាយ, ម្នាស់, មៀន, ខ្នុរ និងស្វាយចន្ទី)។
បើតាមសេចក្ដីប្រកាសព័ត៌មាន គម្រោងបង្កើតរោងចក្រខាងលើមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១១,២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៤នាក់៕


អត្ថបទ៖ លីនី


