ប្រជាជនទីក្រុងហូជីមិញ នាំគ្នាសម្រុកទិញស្បៀងស្តុកទុកទៀតហើយ ក្រោយមានការរឹតត្បិតថ្មី
សេដ្ឋកិច្ច August 21, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ប្រជាជនវៀតណាមរស់នៅទីក្រុង ហូជីមិញ​ បាននាំគ្នាសម្រុកទិញស្បៀងអាហារស្តុកទុកទៀតហើយ ក្រោយមានការរឹតត្បិតថ្មី។ កាលពីថ្ងៃសុក្រម្សិលមិញនេះ ផ្សារទំនើបនៅក្នុងក្រុងហូជីមិញ បានឃើញចំនួនអតិថិជនកើនឡើង បី ទៅ បួនដង បន្ទាប់ពីទីក្រុងបានប្រកាសរឹតត្បិតការធ្វើដំណើរបន្ថែមទៀត។

អ្នកនាំពាក្យរបស់ផ្សារទំនើប Aeon Vietnam បាននិយាយថា ថ្ងៃខ្លះទំនិញនៅក្នុងផ្សារអស់ពីធ្នើគ្មានសល់ ហើយអតិថិជនជាច្រើនតម្រង់ជួរនៅកន្លែងគិតលុយ។ ជាមួយគ្នានេះ ហាង Coopmart នៅ Nguyen Dinh Chieu និង Cong Quynh ស្ថិតក្នុងស្ថានភាពដូចគ្នាដោយមានអតិថិជនតម្រង់ជួរនៅខាងក្រៅ ខណៈហាងមីនីម៉ាត ហាងលក់គ្រឿងទេស និងអ្នកលក់តាមអ៉ីនធឺណេត ក៏ឃើញមានតម្រូវការកើនឡើងផងដែរ។

គួរឱ្យដឹងថា ទីក្រុងហូជីមិញ នៅថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានប្រកាសថា ខ្លួននឹងតម្រូវឱ្យប្រជាជនស្នាក់នៅកន្លែងដែលពួកគេនៅ និងហាមឃាត់ពួកគេមិនឱ្យចេញក្រៅចាប់ពីថ្ងៃទី ២៣ ខែសីហា ចំពេលមានការគំរាមកំហែងពីជំងឺកូវីដ-១៩ កាន់តែខ្លាំងឡើង។ ទីក្រុងដែលមានប្រជាជនចំនួន ១៣ លាននាក់នេះ បានដាក់ចេញបទបញ្ជាវិធានការសង្គមជាបន្តបន្ទាប់ ដោយបទបញ្ជាចុងក្រោយនេះ ត្រូវបានពន្យារដល់ថ្ងៃទី ១៥ ខែកញ្ញា៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress