យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន តាមរយៈសារជាសម្លេងបានឱ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលី តាមរយៈគម្រោងមេគង្គ-អូស្រា្តលី បានសម្រេចផ្ដល់ជំនួយ ៦៥លានដុល្លារ ដើម្បីគាំទ្រការស្ដារវិស័យកសិកម្ម និងអភិវឌ្ឍឧស្សាហកម្មកែច្នៃកសិផលរបស់កម្ពុជា ដែលបានប៉ះពាល់ដោយសារជំងឺកូវីដ-១៩។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលី កាលពីថ្ងៃទី១៨ ខែសីហា បញ្ជាក់ថា កម្មវិធីសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីគាំទ្រការបង្កើតសួនឧស្សាហកម្មកសិចំណីអាហារ (AIP)។ ជាមួយគ្នានេះ ប្រទេសអូស្រ្តាលី នឹងផ្ដល់ធនធានថ្មី ដើម្បីគាំទ្រកម្ពុជាធ្វើទំនើបកម្មវិស័យកសិកម្ម និងអភិវឌ្ឍឧស្សាហកម្មកែច្នៃកសិផល ដែលជាធាតុសំខាន់នៃយុទ្ធសាស្រ្តស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ។
ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ឯកឧត្តម Pablo Kang បានបញ្ជាក់ថា អូស្រ្តាលីគាំទ្រកម្ពុជាលើកិច្ចការមួយចំនួនទៀតដូចជា ការបង្កើតសួនកសិឧស្សាហកម្ម កម្មវិធីពន្លកចំណេះ និងការគាំទ្រដល់កម្ពុជាក្នុងការធ្វើប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន នាពេលខាងមុខ។
ឯកអគ្គរាជទូតអូស្រ្តាលី បានអះអាងដែរថា៖ «កម្ពុជាត្រូវស្វែងរកធនធានថ្មីៗ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។ អូស្រ្តាលីនឹងជួយផ្ដួចផ្ដើមដំណើរការវិស័យកែច្នៃកសិផល ដែលនៅមានភាពក្មេងខ្ចីនៅឡើយ ប៉ុន្តែមានសក្ដានុពលពិត ដើម្បីស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ»។
សេចក្ដីប្រកាសព័ត៌មានបានបង្ហាញដែរថា ជំនួយរបស់ កម្មវិធីសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) នេះដែរ នឹងជួយឱ្យកម្ពុជាទាក់ទាញវិនិយោគទុនពីអន្តរជាតិលើវិស័យកសិចំណីអាហារបន្ថែម។ កម្ពុជា នឹងអាចប្រកួតប្រជែងជាមួយស្ថាប័នកែច្នៃចំណីអាហាររបស់ប្រទេសជិតខាង។
ជាមួយគ្នានេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលីដែលបានផ្តល់ការគាំទ្រហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសប្រកបដោយប្រសិទ្ធភាពខ្ពស់កន្លងមក។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានគាំទ្រចំពោះសំណើបន្តផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសបន្ថែមដល់កម្ពុជា និងកម្មវិធីអភិវឌ្ឍន៍ក្នុងជំហានបន្ទាប់របស់រដ្ឋាភិបាលអូស្ត្រាលីផងដែរ។
គួរជម្រាបផងដែរថា គម្រោងភាពជាដៃគូមេអង្គ អូស្រ្តាលី គឺជាកញ្ចប់ថវិកាជំនួយចំនួន ២៣២លានដុល្លារអូស្រ្តាលី ដើម្បីជួយដល់កម្ពុជាស្ដារសេដ្ឋកិច្ចឡើងវិញ។ តាមរយៈគម្រោងនេះ បានជួយកម្ពុជាកបង្កើតថាមពលកកើតឡើងវិញ ផ្ដល់ជំនួយដល់ធនធានទឹក ផ្ដល់អាហារូបករណ៍សន្តិសុខបច្ចេកវិទ្យា និងពង្រឹងវិនិយោគទុន៕




ប្រភព៖ ក្រសួងព័ត៌មាន


