ប្រជាកសិករម្ចាស់ចម្ការផ្លែមៀន ក្នុងខេត្ដបាត់ដំបង សំណូមពរសុំឱ្យរាជរដ្ឋាភិបាល បង្កើត​រោងចក្រកែច្នៃកសិផលក្នុងស្រុក ដើម្បីធានាការដាំដុះ និងមានទីផ្សារយូរអង្វែង
សេដ្ឋកិច្ច August 20, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា បងប្អូនប្រជាកសិករម្ចាស់ចម្ការផ្លែមៀន (តាង៉ែន) នៅក្នុងឃុំ រស្មីសង្ហា ស្រុករតនៈមណ្ឌល ខេត្ដបាត់ដំបងបានត្អូចត្អែថា បច្ចុប្បន្ននេះ កសិផលផ្លែតាង៉ែន របស់ខ្លួនបានជួប​បញ្ហាគ្មាន​ទីផ្សារ គ្មានការប្រមូលទិញពីឈ្មួញ ធ្វើឱ្យបាត់បង់នូវទុនរបស់ខ្លួនក្នុងការផលិត។ បងប្អូន​ប្រជាកសិករដែលជាម្ចាស់ចម្ការទាំងនោះក៏បានសំណូមពរ សុំឱ្យរាជរដ្ឋាភិបាលជួយរក​ទីផ្សារ​ក្រៅប្រទេសដោយផ្ទាល់ និងបង្កើតរោងចក្រកែច្នៃកសិផលក្នុងស្រុក ដើម្បីជួយ​ដល់ជីវភាពប្រជាកសិករ និងធានាដល់ការដាំដុះបានយូរអង្វែង។

ការស្នើសុំរបស់​បងប្អូន​កសិករនេះ បានលើកឡើងក្នុងឱកាសជួបជាមួយឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្ដី និងឯកឧត្តម​អភិបាល​ខេត្តបាត់ដំបង រួមនឹងអង្គភាពជំនាញមួយចំនួនទៀត ដែលបានចុះជួយប្រមូល​ទិញផ្លែ​មៀន (តាង៉ែន) របស់បងប្អូនប្រជាកសិករជាម្ចាស់ចម្ការដោយផ្ទាល់ ក្នុងភូមិសាស្រ្ត ភូមិ​ពេជ្រចង្វា ឃុំរស្មីសង្ហា ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។

ការចុះដល់ចម្ការរបស់បងប្អូនប្រជាកសិករដោយផ្ទាល់របស់ឯកឧត្តម នាយ​ឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង គឺតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បី​ជួយសម្រាល ថ្លៃដើមក្នុងការផលិតរបស់ប្រជាកសិករ ដោយឱ្យក្រុមការងារទទួលទិញក្នុងតម្លៃស្រុះ​ស្រួលគ្នា​​ដល់ចម្ការរបស់បងប្អូន ដែលព្រមព្រៀងគ្នា ក្នុង១គីឡូក្រាមតម្លៃ ១ ៨០០ រៀល ។

​ឯកឧត្តម នាយឧត្តមសេនីយកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានគូសបញ្ជាក់ថា ការ​ប្រមូលទិញផ្លែមៀ​ន(តាង៉េន) នាពេលនេះមិនមែនយកទៅជួញដូរនោះទេ គឺសម្តេចតេជោ​ឱ្យក្រុមការងារនាំយកទៅផ្តល់ជូនកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អង្គភាពជួរមុខ និង​នៅតាមមន្ទីរពេទ្យ មណ្ឌលចត្តាឡីស័កនានាបានទទួលទានផងដែរ។

​ជាមួយគ្នានេះដែរ បងប្អូនប្រជាកសិករ ដែលជាម្ចាស់ចម្ការតាង៉ែន ក៏បានសម្ដែង​នូវ​ក្តីសង្ឃឹម និងរីករាយ ជាពិសេសថ្លែងអំណរគុណសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ដែល​បានជួយសម្រាលការលំបាក និងប្រមូលបានទុនមួយផ្នែកមកវិញ ដែលធ្វើឱ្យពួកគាត់មាន​លទ្ធភាពធ្វើ​ការផលិតបន្តទៀត ។

​ ឯកត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានលើកឡើងថា ក្នុងនាមអាជ្ញាធរខេត្ត និងជួសមុខឱ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ដែលជាម្ចាស់ចម្ការ មៀន សូមថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ដែលបានជួយដោះស្រាយបញ្ហានេះ​ចំ​កាលៈទេសៈ ក្នុងពេលកសិករជួបការលំបាក និងជំងឺរាតត្បាតកូវីដ១៩ផងនោះ។ ឯកឧត្ដមអភិបាលខេត្ដបានបន្ថែមថា ក្នុងស្ថានភាពពេលនេះ សម្រាប់ទីផ្សារកសិផលផ្លែ​មៀន គឺចង្អៀតជាងមុន ក្នុងការនាំចេញទៅក្រៅប្រទេស និងបានធ្វើឱ្យប្រជាកសិករ​អស់ក្តីបារម្ភតាមរយៈការប្រមូលទិញពីក្រុមការងាររបស់សម្តេចតេជោ៕

ប្រភព៖ ក្រសួងព័ត៌មាន