ក្រុងដាណាង គោលដៅទេសចរណ៍ដ៏សំខាន់របស់វៀតណាម ដែលធ្លាប់តែអ៊ូរអរ ប្រែមកស្ងាត់ជ្រងំដូចចោរលួចសេះ មានតែឡានពេទ្យ និងឡានប៉ូលីស
ទេសចរណ៍ August 17, 2021 Khmernote

ទីក្រុង ដាណាង ដែលជាទីក្រុងដ៏ធំមួយ និងជាតំបន់ទេសចរណ៍ដ៍ទាក់ទាញ ហើយល្បីល្បាញរបស់វៀតណាម បានប្រែក្លាយមកជាទីក្រុងមានភាពស្ងាត់ជ្រងំ លែងមានភ្ញៀវទេសចរ ឬ សូម្បីតែប្រជាជនធ្វើដំណើរ ខណៈទីក្រុងនេះត្រូវរាតត្បាតដោយវីរុសកូវីដ-១៩។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា កាលពីច័ន្ទមកទទល់ពេលនេះ ទីក្រុងដាណាង មានសភាពស្ងប់ស្ងាត់ខ្លាំង ស្ទើរតែគ្មាននរណាម្នាក់ចេញមកគ្រៅ ដោយសារតែអ្នកស្រុកត្រូវតម្រូវឱ្យស្នាក់នៅផ្ទះ។

សារព័ត៌មានដដែលបានឱ្យដឹងថា ទីក្រុងដាណាងបានចាប់ផ្តើមដាក់ចេញវិធានការរក្សាគម្លាតក្នុងសង្គមរយៈពេល ៧ ថ្ងៃដោយចាប់ផ្តើមពីម៉ោង ៨ ព្រឹកថ្ងៃច័ន្ទ ដោយស្ទើរតែគ្រប់សកម្មភាពទាំងអស់ត្រូវបានផ្អាក ដើម្បីទប់ស្កាត់ការគំរាមកំហែងនៃវីរុសកូរ៉ូណារលកថ្មី។

ជាមួយគ្នានេះ ទិដ្ឋភាពនៅក្នុងទីក្រុងភាគច្រើនមានតែឡានពេទ្យ សង្រ្គោះបន្ទាន់ ឡានរបស់ប៉ូលីសនិងកងកម្លាំងផ្សេងទៀតដែលធ្វើការងារសំខាន់ដូចជា ការដឹកជញ្ជូនទំនិញនិងថ្នាំពេទ្យតែប៉ុណ្ណោះ។ លើសពីនេះមន្រ្តីប៉ូលីសទីក្រុងដាណាង ត្រូវបានបញ្ជូនទៅល្បាតតាមដងផ្លូវដើម្បីឱ្យប្រាកដថា គ្មាននរណាម្នាក់ចេញទៅក្រៅ លើកលែងតែមូលហេតុចាំបាច់ពិតប្រាកដដូចជា ការធ្វើតេស្ត ឬ ការចាក់វ៉ាក់សាំង។

គួរបញ្ជាក់ផងដែរថា ទីក្រុងដាណាងដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មានប្រជាជនជាង ១,១ លាននាក់បានឆ្លងកាត់វិធានការឃ្លាតឆ្ងាយពីសង្គមខុសៗគ្នាចាប់តាំងពីថ្ងៃទី ៣១ ខែកក្កដាថ្មីៗនេះ ទីក្រុងនេះបានរឹតបន្តឹងការរឹតបន្តឹងក្នុងពេលបច្ចុប្បន្ននេះដោយហាមឃាត់ប្រជាជនមិនឱ្យចាកចេញពីផ្ទះរបស់ពួកគេទាំងស្រុងរយៈពេល ៧ ថ្ងៃ។ បច្ចុប្បន្នទីក្រុងដាណាងបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុកចំនួន ២,១២៥ ករណីចាប់តាំងពីរលកទី៤ នៃវីរុសកូវីដ បានវាយប្រហារប្រទេសវៀតណាមកាលពីចុងខែមេសា៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress