កូរ៉េខាងត្បូង បើកទទួលពលករពីប្រទេសថៃ និងប្រទេស ៥ទៀត ឱ្យចូលធ្វើការវិញ ក្រោយផ្អាកកាលពីដើមឆ្នាំមុន ដោយសារជំងឺកូវីដ
សេដ្ឋកិច្ច August 9, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបានអនុញ្ញាតឱ្យពលករពីប្រទេសថៃ និងប្រទេសផ្សេងៗទៀត ត្រលប់ទៅធ្វើការនៅក្នុងប្រទេសកូរ៉េវិញ បន្ទាប់ពីផ្អាកដោយសារជំងឺរាតត្បាតកូវីដ-១៩។ បច្ចុប្បន្នប្រទេសថៃ គឺជាប្រទេសមួយក្នុងចំណោមប្រទេសធំៗ ទាំង ៦ ដែលបានបញ្ជូនពលករក្រោមគោលនយោបាយប្រព័ន្ធអនុញ្ញាតការងារ (EPS) ទៅធ្វើការនៅប្រទេសកូរ៉េ ប៉ុន្តែទោះជាយ៉ាងណាក្ដី ប្រទេសកូរ៉េបានដាក់ចេញវិធានការតឹងរ៉ឹង ដើម្បីធានាលក្ខខណ្ឌការងារប្រកបដោយសុវត្ថិភាព។

លោក Tae Wuk Ha រដ្ឋមន្រ្តីនិងអគ្គកុងស៊ុលស្ថានទូតកូរ៉េប្រចាំទីក្រុងបាងកកបាននិយាយថា ការធ្វើដំណើររបស់ពលករក្រោមប្រព័ន្ធអនុញ្ញាតការងារ (EPS) ទៅកាន់ប្រទេសកូរ៉េត្រូវបានផ្អាកនៅដើមឆ្នាំ ២០២០ ដោយសារវិធានការណ៍បង្ការជំងឺកូវីដ-១៩ គោលនយោបាយសុខភាព និងការកាត់បន្ថយការធ្វើដំណើរតាមយន្តហោះ។

ទោះយ៉ាងណាក៏ដោយបន្ទាប់ពីការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយប្រទេសចំនួន ៦ រួមទាំងប្រទេសថៃ ឥឡូវនេះកម្មករអាចបន្តធ្វើការនៅទីនោះបានហើយ។ លោក Tae Wuk Ha បានបន្តថាប្រទេសទាំង ៦ នោះមាន កម្ពុជា ថៃ វៀតណាម ស្រីលង្កាទីម័រ ខាងកើតនិងចិន។ ប្រទេសកម្ពុជា និងថៃ គឺជាប្រទេសប្រភពសំខាន់សម្រាប់ពលករ (EPS) នៅប្រទេសកូរ៉េដែលមានចំនួនជាង ២ ភាគ ៣ នៃចំនួនការងារសរុប។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីកិច្ចព្រមព្រៀងកូរ៉េ-ថៃត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ២០០៣ កិច្ចសហប្រតិបត្តិការរវាងប្រទេសថៃនិងប្រទេសកូរ៉េក្នុងវិស័យការងារបានអនុញ្ញាតឱ្យពលករថៃប្រមាណ ៩៤,០០០ នាក់ទៅធ្វើការនៅប្រទេសកូរ៉េ។ ជាមួយគ្នានេះ ថ្វីបើមានជំងឺរាតត្បាតក៏ដោយ ជាលទ្ធផលប្រទេសថៃបានបញ្ជូនពលករសរុបចំនួន ១,៣៨១ នាក់ នៅឆ្នាំនេះ ដែលធ្វើឱ្យប្រទេសថៃក្លាយជាប្រទេសប្រភពធំទី២ ដែលបញ្ជូនពលករទៅកូរ៉េ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost