កម្មករជាច្រើននៅហូជីមិញ នាំគ្នាឈប់ពីការងារត្រឡប់ទៅស្រុកកំណើតវិញ ដោយសារខ្លាចមិនទទួលបានប្រាក់ឈ្នួល ហើយត្រូវឆ្លងជំងឺកូវីដ-១៩
សេដ្ឋកិច្ច August 5, 2021 Khmernote

កម្មករជាច្រើននៅទីក្រុងហូជីមិញកំពុងជ្រើសរើសឈប់ពីការងារ​ហើយត្រលប់ទៅស្រុកកំណើតវិញ ដោយសារខ្លាចមិនទទួលបានប្រាក់ឈ្នួល ហើយត្រូវឆ្លងជំងឺកូវីដ-១៩ ។ ការសម្រេចចិត្តឈប់ពីការងារនេះ ធ្វើឱ្យក្រុមហ៊ុន សហគ្រាស សួនឧស្សាហកម្ម និងរោងចក្រជាច្រើនជួបបញ្ហាកង្វះខាតកំលាំងពលកម្មធ្ងន់ធ្ងរ។

ជាមួយគ្នានេះដែរ កម្មករស្រីម្នាក់បានឱ្យដឹងថា នាងមកពីខេត្ត Quang Ngai ធ្វើការនៅក្រុមហ៊ុនស្បែកជើងតៃវ៉ាន់ Pouyuen Vietnam អស់រយៈពេលជាង ១០ ឆ្នាំហើយ។ ប៉ុន្តែថ្មីៗនេះនាងបានសម្រេចចិត្តលាឈប់ពីការងារ ហើយត្រលប់ទៅផ្ទះវិញជាអចិន្ត្រៃយ៍ ដោយសារប្រាក់ចំណូលបានធ្លាក់ចុះដោយសារតែនាងត្រូវឈប់ពីការងារអស់ជាច្រើនថ្ងៃ ដើម្បីមើលថែកូនស្រីរបស់នាង ដែលសាលាមត្តេយ្យបានបិទទ្វារដោយសារតែជំងឺកូវី-១៩។

មិនតែប៉ុណ្ណោះក៏មានកម្មករជាជាច្រើននាក់ទៀតធ្វើការនៅរោងចក្រ សហគ្រាស ផ្សេងៗគ្នា បានលើកឡើងពីបញ្ហាដែលធ្វើឱ្យពួកគេសម្រេចចិត្តឈប់ពីការងារត្រលប់ទៅស្រុកវិញដូចជា មិនអាចផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃបាន ប្រាក់ខែត្រូវបានកាត់បន្ថយ និងខ្លះទៀតប្រឈមមុខនឹងនឹងហានិភ័យខ្ពស់នៃការឆ្លងកូវីដ-១៩។

ទន្ទឹមនឹងនោះ ប្រធានសហជីពការងារនៅក្រុមហ៊ុន Furukawa Automotive Parts Vietnam Company បាននិយាយថា ក្រុមហ៊ុនកំពុងប្រឈមនឹងកង្វះកម្លាំងពលកម្ម ដោយសារបុគ្គលិកនាំគ្នាភ័យខ្លាចឆ្លងជំងឺកូវីដ បន្ទាប់ពីក្រុមហ៊ុនមានការសង្ស័យថា មានការឆ្លងមេរោគនៅក្នុងរោងចក្រ ហើយកម្មករខ្លះទៀតមិនត្រលប់មកធ្វើការវិញឡើយបន្ទាប់អនុញ្ញាតឱ្យឈប់សម្រាកក្រោយមានការផ្ទុះវីរុស។

ស្របពេលនោះដែរ សួនឧស្សហកម្មធំៗ និងរោងចក្រកាត់ដេរ កែច្នៃផលិតផលជាច្រើន បានលើកឡើងពីបញ្ហាកង្វះកម្លាំងពលកម្មដូចៗគ្នា ក្នុងការដំណើរការប្រតិបត្តិការ ដែលកំពុងមានតម្រូវការខ្លាំង រហូតដល់ក្រុមពាណិជ្ជកម្មឧស្សាហកម្មជាច្រើននៅទីក្រុងហូជីមិញនិងខេត្តជិតខាង កំពុងអង្វរសុំជំនួយ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress