យោងតាមការបង្ហោះនៅលើគណនីផ្ទាល់ខ្លួនរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល ៧ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេសចំនួនសរុប ៥ ០៣២ ៩៦៨,៦០តោន កើនឡើងចំនួន ២ ៣៤២ ៩៨១,៣៩តោន ស្មើនឹង ៨៧,១០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។
តួលេខនេះត្រូវបានបង្ហាញ ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជាមួយគ្នានេះដែរ កសិផលសំខាន់ៗដែលបាននាំចេញទៅកាន់ ៦៤ប្រទេសមានដូចជា៖ អង្ករ ស្រូវ ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ ម៉្សៅដំឡូងមី កាកសំណល់ដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត គ្រាប់សណ្តែកបាយ ផ្លែចេកស្រស់ ផ្លែក្រូចថ្លុង ផ្លែស្វាយស្រស់ ដំណាប់ស្វាយ ទឹកស៊ីរ៉ូស្វាយ ដូងប្រេង ម្រេច ថ្នាំជក់ បន្លែចម្រុះ ម្ទេសស្រស់ ម្ទេសក្រៀម និងផលិតផលចំនួន ៦៦មុខ ផ្សេងទៀត៕
អត្ថបទ៖ លីនី