ប្រទេសថៃ អាចនឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចអាក្រក់បំផុតនៅអាស៊ីអាគ្នេយ៍នៅឆ្នាំនេះ
សេដ្ឋកិច្ច July 30, 2021 Khmernote

ប្រទេសថៃ ទំនងជានឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចអាក្រក់បំផុតនៅអាស៊ីអាគ្នេយ៍នៅឆ្នាំនេះ ដោយអ្នកសេដ្ឋកិច្ចបានបន្តកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេស ចំពេលមានការកើនឡើងនៃការឆ្លងជំងឺកូវីដ-១៩ បង្កើនភាពតានតឹងផ្នែកនយោបាយនិងក្តីសង្ឃឹមធ្លាក់ចុះសម្រាប់ការងើបឡើងវិញនៃវិស័យទេសចរណ៍ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

តាមការបញ្ជាក់របស់នាយកប្រតិបត្តិលោក Kulaya Tantitemit បានឱ្យដឹងថា ការិយាល័យគោលនយោបាយសារពើពន្ធ (FPO) បានទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចឆ្នាំ២០២១ របស់ប្រទេសមកត្រឹមកំណើន ១.៣% នៃផលិតផលក្នុងស្រុកសរុប​ ដែលធ្លាក់ចុះពីការព្យាករណ៍កាលពីខែមេសាចំនួន ២.៣% តាមការសន្មត់ថា​ ករណីថ្មីនៃវីរុស កូវីដ-១៩ នឹងកើនឡើងនៅពាក់កណ្តាលខែសីហា។

លោក Charnon Boonnuch សេដ្ឋវិទូប្រចាំក្រុមហ៊ុន Nomura Holdings Inc នៅប្រទេសសិង្ហបុរីបានមានប្រសាសន៍ថា៖ « យើងមើលឃើញថាប្រទេសថៃ គឺជាប្រទេសដែលមានភាពយឺតយ៉ាវក្នុងតំបន់ ដោយមានការព្យាករណ៍ពីកំណើនផលិតផលក្នុងស្រុកសរុបទាបបំផុតនៅអាស៊ានសម្រាប់ឆ្នាំ២០២១ និង ២០២២។ ការព្យាករណ៍របស់យើងមានន័យថា ទិន្នផលសេដ្ឋកិច្ចនឹងមិនត្រលប់ទៅកម្រិតដូចមុនពេលកូវីដផ្ទុះឡើងនៅមុនត្រីមាសទី ៣ ឆ្នាំ ២០២២នោះទេ ដែលនេះជាការយឺតយ៉ាវបំផុតនៅក្នុងតំបន់អាស៊ានដែលឆ្លុះបញ្ចាំងពីការពឹងផ្អែកខ្ពស់លើភ្ញៀវទេសចរបរទេស »។

ជាមួយគ្នានេះដែរ ទីក្រុងបាងកកនិងខេត្តចំនួន ១២ ផ្សេងទៀត ដែលមានចំនួនជាងពាក់កណ្តាលនៃសេដ្ឋកិច្ចថៃបានស្ថិតនៅក្រោមការបិទ និងបំរាមគោចរចាប់តាំងពីសប្តាហ៍មុនដោយសារ វីរុសកូវីដប្រភេទថ្មី Delta បានរាតត្បាត នឹងវាយលុកខ្លាំងនៅតំបន់ដីសណ្តគំរាមកំហែងដល់ប្រព័ន្ធសុខាភិបាលរបស់ប្រទេស។ ធនាគារកណ្តាលថៃបាននិយាយថា ការផ្ទុះឡើងអាចកាត់បន្ថយចំនួន ២% នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំនេះ ប្រសិនបើវិធានការបច្ចុប្បន្នបរាជ័យក្នុងការទប់ទល់ និងជំងឺរាតត្បាតនៅតែបន្តកើតមានពេញមួយឆ្នាំ។

លើសពីនេះទៅទៀត ភាពចលាចលផ្នែកនយោបាយក៏កើតមានឡើង ទន្ទឹមនឹងវិបត្តិសេដ្ឋកិច្ចនិងសុខភាព។ ជាក់ស្ដែងចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យបានវិលត្រឡប់មកវិញនៅទីក្រុងបាងកក បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេល ៦ ខែដោយមានការប្រមូលផ្ដុំដែលរៀបចំដោយក្រុមផ្សេងៗចាប់តាំងពីថ្ងៃទី ២៤ ខែមិថុនា។

លោក Burin Adulwattana ប្រធានសេដ្ឋវិទូប្រចាំធនាគារ Bangkok Bank Plc មានប្រសាសន៍ថា៖ « យើងកំពុងស្ថិតនៅក្នុងវិបត្តិធ្ងន់ធ្ងរ ហើយប្រព័ន្ធសុខភាពរបស់យើងកំពុងឈានដល់ការដួលរលំ។ លើសពីនេះកម្មវិធីសំណងមិនគ្រប់គ្រាន់ មនុស្សកាន់តែច្រើនបាត់បង់ជំនឿលើរដ្ឋាភិបាលដែលបាននាំពួកគេខ្លះធ្វើការតវ៉ាដើរតាមផ្លូវ។ ទាំងនេះអាចធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពរបស់រដ្ឋាភិបាលនិងបំផ្លាញទំនុកចិត្តបន្ថែមទៀត »។

គួរបញ្ជាក់ផងដែរថា ប្រទេសថៃបានរាយការណ៍ពីការឆ្លងថ្មីចំនួន ១៧,៦៦៩ នាក់និងមានអ្នកស្លាប់ចំនួន ១៦៥ នាក់កាលពីថ្ងៃព្រហស្បតិ៍។ ទិន្នន័យផ្លូវការបានបង្ហាញថា ករណីសរុបបានកើនឡើងដល់ ៥៦១,០៣០ ដែលក្នុងនោះ ៩៥% បានកើតឡើងចាប់តាំងពីរលកចុងក្រោយបានចាប់ផ្តើមនៅក្នុងខែមេសា។ ក្រសួងសុខាភិបាលរំពឹងថា ការរាតត្បាតនាពេលបច្ចុប្បន្ននេះនឹងចាប់ផ្តើមធូរស្រាលត្រឹមខែតុលា៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpos