ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) កាលពីថ្ងៃទិ២៨ ខែកក្កដា ឆ្នាំ២០២១ នេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន GENERAL ENTERPRISES GARMENT (CAMBODIA) CO., LTD និងក្រុមហ៊ុន SORTICS ALLIANCE CO., LTD លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងចាក់សម្លៀកបំពាក់។
(រូបតំណាង)
យោងតាមសេចក្តីប្រកាសរបស់ CDC បានឱ្យដឹងថា គម្រោងថ្មីរបស់ក្រុមហ៊ុនទាំង ២ មានទុនវិនិយោគសរុបចំនួន ១២.៥លានដុល្លារអាមេរិក ដោយមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្ថិតនៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ទន្ទឹមនឹងនេះ គម្រោងដែលត្រូវបានអនុម័តទាំងពីរនេះ ត្រូវបានគេរំពឹងថា នឹងបង្កើតការងារចំនួន ១,៩៧៣កន្លែង សម្រាប់ប្រជាជនក្នុងតំបន់។ គួរបញ្ជាក់ផងដែរថា ការវិនិយោគនៅខណៈពេលដែលមានការរីករាលដាលនៃជំងឺកូវីដ-១៩នេះ បានបង្ហាញពីទំនុកចិត្តរបស់វិនិយោគិនក្នុងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចនយោបាយ និងសង្គមរបស់ប្រទេសកម្ពុជា ទោះបីជាមានការគំរាមកំហែងពីការរីករាលដាលនៃជំងឺរាតត្បាតក៏ដោយ៕


អត្ថបទ៖ លីនី


