យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រាជរដ្ឋាភិបាល ប្រកាសបើកប្រាក់ឧបត្ថម្ភជូនកម្មករ និយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបចំនួនជិត ៦ម៉ឺននាក់ នៃរោងចក្រចំនួន ១៧៥ ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ (ជំហានទី២ ទី៣ និងទី៤)។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់បងប្អូនកម្មករ និយោជិតចំនួន ៥៩, ០១២នាក់ នៃ រោងចក្រចំនួន ១៧៥ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប (ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ ដែលស្ថិត នៅក្នុងតំបន់បិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំនៃរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងក្រុងព្រះសីហនុនៃ ខេត្តព្រះសីហនុឲ្យដឹងថា ធនាគារឯកទេសវីងនឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភចំនួន ១៦០ ០០០ (ដប់ប្រាំមួយម៉ឺន) រៀល តែមួយលើកគត់ ស្របតាមកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់របស់រាជរដ្ឋាភិបាល ទៅលេខទូរសព្ទ ដែលបងប្អូនបានផ្តល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ ពេលកន្លងមក។
ក្រសួងបញ្ជាក់ថា ធនាគារឯកទេសវីងនឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូនខកខានមិនបានទៅបើកប្រាក់ឧបត្ថម្ភនេះក្នុងរយៈពេល ២១ថ្ងៃ បន្ទាប់ពីទទួល បានសារតាមទូរសព្ទពីធនាគារឯកទេសវីង។
ក្រសួងបន្ដថា ការបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរសព្ទ័ដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារ វីងដែល នៅជិតបំផុត និង មិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ឧបត្ថម្ភនេះ។
ក្រសួងបន្ថែមថា ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រចំនួន ១៧៥នេះ មិនបានទទួលសារទូរស័ព្ទ ពីធនាគារឯកទេសវីង ឬមានចម្ងល់ផ្សេងៗ នោះសូមបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែម តាមរយៈក្រុមតេក្រាម https://t.me/khmerWorker (Chat ឬទូរស័ ព្ទលេខ ១២៩៧។ ក្រសួងនឹងបន្តជូនដំណឹងដល់បងប្អូនកម្មករ និយោជីតរោងចក្រក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដទៃទៀតអំពីការបើកផ្តល់ប្រាក់ឧបត្ថម្ភនេះ៕







ប្រភព៖ ក្រសួងព័ត៌មាន


