យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សហរដ្ឋអាមេរិក នឹងផ្តល់វ៉ាក់សាំង Johnson & Johnson ចំនួនជាងមួយលានដូស ដល់ប្រជាជនកម្ពុជា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ បើយោងតាមស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជាបានបញ្ជាក់ថា “យើង កំពុងតែធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល យន្តការ COVAX អង្គការសុខភាពពិភពលោក (WHO) និងអង្គការ UNICEF ដើម្បីបញ្ជូនវ៉ាក់សាំងទាំងនោះមក ក្នុងពេលឆាប់ៗខាងមុខនេះ។
សូមរម្លឹកផងដែរថា ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយ ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ កន្លងមកនេះ ឯកឧត្ដម W. Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំ នៅកម្ពុជាបានលើកឡើងថា សហរដ្ឋអាមេរិក ជាដៃគូដ៏គួរឱ្យទុកចិត្តមួយរបស់កម្ពុជា ក្នុង ពេលនៃការរីករាលដាលជំងឺជាសាកលមួយនេះ ដោយផ្តល់ជំនួយផ្ទាល់ក្នុងការទប់ស្កាត់ ជំងឺកូវីដ ១៩ មានតម្លៃជាទឹកប្រាក់ ១១ លានដុល្លារអាម៉េរិក ជំនួយជាបច្ចេកទេសដ៏សំខាន់ ក្នុងការពង្រឹងបន្ថែមនូវភាពជាដៃគូផ្នែកសុខភាពដ៏យូរអង្វែង និងផ្តល់ជំនួយជាង ៤ ពាន់លានដុល្លារ ដែលជាជំនួយដ៏ច្រើនលើសប្រទេសណាទាំងអស់ ដល់យន្តការកូវ៉ាក់ របស់អង្គការសុខភាពពិភពលោក។
ឯកឧត្ដមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ដែរថា តាមកម្មវិធីនេះ ប្រទេសកម្ពុជា នឹងត្រូវទទួលជំនួយវ៉ាក់សាំង ១ លាន ១ សែនដូស គិតត្រឹមចុងខែឧសភា និងមានជាបន្តបន្ទាប់៕


ប្រភព៖ ក្រសួងព័ត៌មាន


