អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនតាមអនឡាញ អាចបង់ម្ដងបានចំនួន១០គ្រឿងក្នុងពេលតែមួយ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងអំឡុងពេលនៃការរីករាល ដាលនៃជំងឺកូវីដ១៩នេះ នេះដោយយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។
ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកនៃអគ្គនា យកដ្ឋានពន្ធដារបានឱ្យដឹងថា ការដាក់ដំណើរការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទតាម Online នឹងផ្ដល់ភាពងាយ ស្រួលដល់ពលរដ្ឋ ពិសេសក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ។
ឯកឧត្តមបន្តថា នេះជាផលិតផលថ្មីមួយទៀត របស់អគ្គនាយកដ្ឋានពន្ធដារ ដែលអភិវឌ្ឍន៍កម្មវិធីបង់ពន្ធមធ្យោបាយយានជំនិះគ្រប់ប្រភេទតាមអនឡាញ ហើយកាន់តែងាយស្រួល សាធារណជន គ្រាន់តែវាយលេខរថយន្ដ, វាយប្រភេទយានយន្ដ នោះវានឹងលោតទិន្នន័យនៅក្នុងប្រព័ន្ធពន្ធដារ។
ឯកឧត្តមបន្តទៀតថា ក្នុង ករណីដែលពលរដ្ឋពិបាក ក្នុងការទៅបង់ពន្ធតាមបណ្ដាធនាគារ ឬតាមបណ្ដាសាខាផ្សេង ដោយសារតែជំងឺកូវីដ ១៩នេះ ពលរដ្ឋអាចចូលក្នុងវេបសាយរបស់ពន្ធដារ និងបង់ពន្ធមធ្យោបាយដឹកជញ្ជូនតាមអនឡាញ ដោយមានលទ្ធភាពបង់ពន្ធយានជំនិះម្ដងបានចំនួន១០គ្រឿង ។ ដោយឡែកយានយន្ដថ្មី ត្រូវមកចុះបញ្ចីនៅក្នុងក្រសួង សាធារណការ និងដឹកជញ្ជូន ហើយក្រសួងសាធារណការ នឹងបោះទិន្នន័យមកឱ្យអគ្គ នាយកដ្ឋានពន្ធដារ ដូច្នេះយានយន្ដទាំងនោះនឹងមានទិន្នន័យនៅក្នុងពន្ធដារ។
«ឥឡូវសម័យកូវីដ យើងធ្វើការអភិវឌ្ឍន៍នូវកម្មវិធីដែលបង់ពន្ធអនឡាញបាន អ៊ីចឹងអ្នកជាប់ពន្ធប្រសិនជាជិតដល់ថ្ងៃ ហើយគាត់មិន ទាន់ទៅបង់គាត់អាចចូលបង់ពន្ធអនឡាញបាន ។ ឥឡូវនេះដំណើរការហើយគឺអ្នកជាប់ពន្ធនិងម្ចាស់យាន យន្តណាដែលមានគោល បំណងចង់ទៅបង់ពន្ធនៅធនាគារបាន គេនឹងបោះពុម្ពជា sticker ជូននៅធនាគារ ក៏ដូចជាអង្គភាពពន្ធដារ។ ហើយប្រសិនបើពិបាកទៅធនាគារ លំបាកដោយសារតែបញ្ហាកូវីដ ឬមធ្យោបាយធ្វើ ដំណើរផ្សេង អាចចូលទៅក្នុងវេបសាយពន្ធដារ បង់ពន្ធមធ្យោបាយតាមអនឡាញក៏បាន គឺអាចមានលទ្ធភាពបងយានយន្តបានម្ដង១០គ្រឿង ហើយអគ្គនាយកដ្ឋានពន្ធដារនឹងរៀបចំនាំយកនូវលតាប័ត្រ ដឹកទៅដល់គេហដ្ឋានឬទីតាំងណាដែលម្ចាស់យានយន្តមាន បំណងចង់ឱ្យពន្ធដារធ្វើការដឹកជញ្ជូនទៅទីកន្លែងនោះ»។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ(តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួនជាង ៦ ៤៤១ប៊ីលានរៀល (ប្រមាណជា ១ ៥៩០ លានដុល្លារអាមេរិក) ដែលក្នុងនោះរយៈពេល២០ ថ្ងៃនៃខែកក្កដា ឆ្នាំ២០២១ បានប្រមូលចំណូលសរុបចំនួនជាង ៣០១ប៊ីលានរៀល (ប្រមាណជាង ៧៤លានដុល្លារអាមេរិក)៕


ប្រភព៖ ក្រសួងព័ត៌មាន


