យោងតាមក្រសួងកសិកម្មវៀតណាមបានឱ្យដឹងថា ទីក្រុងហូជីមិញ កំពុងជួបប្រទះកង្វះខាតសត្វជ្រូកប្រហែល ១ម៉ឺនក្បាល ស៊ុត ៤០ម៉ឺនគ្រាប់ និងបន្លែ ១,៥០០ តោនក្នុងមួយថ្ងៃ។ ហេតុផលនៅពីក្រោយការខ្វះខាតរួមមានអ្នកផលិតស្បៀងអាហារមានការពិបាកក្នុងការអនុវត្តរបៀបស្នាក់នៅក្នុងកំឡុងពេលមានការផ្ទុះឡើងនៃកូវីដ-១៩ ហើយទីសត្តឃាតកំពុងប្រឈមមុខនឹងកង្វះកម្មករដែលរស់នៅក្នុងតំបន់ដែលត្រូវបិទខ្ទប់ ក្រៅពីនេះរថយន្តដឹកសាច់ត្រូវឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យជាច្រើននៅតាមបណ្តោយផ្លូវទៅកាន់ក្រុងហូជីមិញ។
ជាមួយគ្នានេះដែរ ផ្សារលក់ដុំធំៗចំនួន ៣ របស់ក្រុងហូជីមិញរួមមាន Binh Dien ,Thu Duc និង Hoc Mon រួមជាមួយផ្សារត្រីជាច្រើននៅតែបិទ ដើម្បីស្កាត់ការរីករាលដាលនៃវីរុស កូវីដ-១៩ ខណៈទីផ្សារទាំងនេះផ្គត់ផ្គង់តម្រូវការផលិតផលកសិកម្មរបស់ទីក្រុងជាង ៧០% ។
ទោះជាយ៉ាងណាក្ដី ក្រុមការងាររបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានលើកឡើងកាលពីថ្ងៃពុធថា កង្វះស៊ុតនិងបន្លែត្រូវបានគេរំពឹងថា នឹងត្រូវបានដោះស្រាយនៅប៉ុន្មានថ្ងៃខាងមុខទៀត។ ហើយក្រុមការងាររបស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ក៏បានជួយ សម្រួលដល់ការផ្គត់ផ្គង់ជ្រូកចិញ្ចឹមនៅភាគខាងត្បូងនៃខេត្ត Dong Nai ទៅកាន់ទីក្រុងហូជីមិញ ដោយជ្រូកចន្លោះពី ៧,០០០-៨,០០០ ក្បាលនឹងត្រូវផ្គត់ផ្គង់ជារៀងរាល់ថ្ងៃ ដែលមួយផ្នែកបំពេញនូវតម្រូវការសាច់ជ្រូកស្រស់របស់ទីក្រុង៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress


