ឯកឧត្តម ម៉ុង ឫទ្ធី៖ « ខ្ញុំកម្រឃើញអ្នកមានលុយ មានលទ្ធភាព ជជែកគ្នាពីការចិញ្ចឹមសត្វ ដើម្បីជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិ និងផ្ដល់ការងារដល់ប្រជាជនណាស់ ដោយសារតែការប្រជែងគ្នានាំចូល »
សេដ្ឋកិច្ច July 23, 2021 Khmernote

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលយើងគ្រប់គ្នាស្គាល់ថាជាសេដ្ឋីកសិកម្ម និងជាឱកញ៉ា ចិត្តធម៌មួយរូប កាលពីពេលថ្មីៗនេះ បានចែករំលែកសារណែនាំដ៏មានអត្ថន័យ ដល់ប្រជាជនខ្មែរទូទៅ ជាពិសេសអ្នកដែលមានទ្រព្យធន មានលុយ មានលទ្ធភាព ក្នុងការធ្វើអាជីវកម្ម។

នៅក្នុងការបង្ហោះលើផេកផ្លូវការ ឯកឧត្តមបានសរសេររៀបរាប់ដូច្នេះថា៖ « រយៈពេលជាយូរកន្លងមកនេះ ខ្ញុំបានទទួលដំណឹងក្រៅផ្លូវការខ្លះៗ និងតាមបណ្តាញសារព័ត៌មានជាច្រើន បានចុះផ្សាយអំពីការនាំជ្រូកចូលមកពីបរទេស ខ្ញុំកម្របានឃើញអ្នកមានលុយ មានលទ្ធភាព ជជែកគ្នាអំពីការចិញ្ចឹមសត្វ ដើម្បីជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិ ផ្តល់ការងារអោយប្រជាជននៅតាមទីជនបទបានធ្វើ និងដើម្បីកាត់បន្ថយលំហូរសាច់ប្រាក់ទៅបរទេស ដោយសារតែការនាំចូលសត្វរស់សាច់សត្វ ក៏ដូចជាចំណីសត្វ មកសម្លាប់កសិករផ្នែកដាំដំណាំកសិកម្ម និងការចិញ្ចឹមសត្វទាំងខ្នាតតូច មធ្យម និងខ្នាតធំ ប្រសិនបើអ្នកមានទ្រព្យសម្បត្តិច្រើន មានលទ្ធភាព មិននាំគ្នាបង្កើនការចិញ្ចឹមសត្វ ផលិតចំណីសត្វ ហើយនៅតែចង់ប្រកួតប្រជែងគ្នា នាំសត្វរស់ សាច់សត្វ និងចំណីសត្វចូលមកពីបរទេស យ៉ាងដូច្នេះ អ្វីដែលចាស់ៗជំនាន់ យើងបានបន្សល់ទុកអោយកូនចៅជំនាន់ក្រោយៗ គឺនៅតែនាំចូលដដែល ការកាត់បន្ថយភាពក្រីក្រ លើវិស័យកសិកម្ម កសិឧស្សាហកម្ម ការដាំដំណាំកសិកម្ម និងការចិញ្ចឹមសត្វ នៅតែដដែលមិន​ជឿនលឿន​តំណរ​ជំនាន់ »​។

ឯកឧត្តមបានរៀបរាប់បន្ថែមថា៖ «ដោយមើលឃើញហេតុផល ដូចខាងលើនេះហើយ ទើបកាលពី ខែឧសភា ឆ្នាំ២០០៨ ដោយមានការផ្តួចផ្តើមពី USAID Cambodia MSME បានរៀបចំដំណើរទស្សនកិច្ចមួយ ទៅរដ្ឋ North Carolina សហរដ្ឋអាមេរិក ដែលបានចាត់តាំងអោយរូបខ្ញុំ ដឹកនាំអ្នកក្រ និងអ្នកក្របំផុត រួមជាមួយអ្នកពាក់ព័ន្ធផ្នែកចិញ្ចឹមជ្រូក ចំនួន១៦នាក់ ពីប្រទេសកម្ពុជាយើង ធ្វើដំណើរទស្សនកិច្ចរយៈពេល ១០ថ្ងៃ ដោយអាមេរិក ជាអ្នកទទួលបន្ទុកលើការចំណាយទាំងអស់ ដើម្បីទៅមើលសាលាបង្រៀនពីការចាប់ផ្តើមបន្តពូជ រហូតដល់ដឹកជ្រូកយកទៅលក់។ យើងឃើញថា វាអស្ចារ្យខ្លាំងណាស់ ដោយសារតែអាមេរិក បានដើរមុនយើងលើវិស័យកសិកម្ម កសិឧស្សាហកម្ម ការដាំដំណាំកសិកម្មនិង ការចិញ្ចឹមសត្វជាយូរយារណាស់មកហើយយ។ ក្រោយពីបានវិលត្រឡប់មកដល់ស្រុកកំណើតវិញ ដោយសារតែ ចង់អោយព្រះរាជាណាចក្រកម្ពុជាយើង ឆាប់បានរីកចម្រើនដូចសហរដ្ឋអាមេរិកដែរ ខ្ញុំបានរៀបចំផ្ទៃដីចំនួន ៥ហិកតា និងបានសាងសង់វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈកសិកម្ម ព្រមទាំងបានខិតខំទំនាក់ទំនងទិញ មេពូជដូនតាទួតជ្រូក ពីក្រុមហ៊ុនអាមេរិក ដែលសុតតែបានសន្យាថា នឹងជួយទាំងសាលាបង្រៀន និងលក់ពូជជ្រូក មកអោយខ្ញុំផងដែរ ប៉ុន្តែជាអកុសលរយៈពេល៣ខែ មិនមានអ្វីជាផ្លែផ្កា ទាល់តែសោះ ខ្ញុំក៏បានងាកមករកស្ថានទូតចក្រភពអង់គ្លេស អោយជួយឧទ្ទេសនាមក្រុមហ៊ុនដែលចិញ្ចឹមជ្រូក មានឈ្មោះល្បីនៅចក្រភពអង់គ្លេសវិញម្តង បានដូចបំណងមែន ស្ថានទូតបានឧទ្ទេសនាម ក្រុមហ៊ុន ACMC ដែលមានបទពិសោធន៍បច្ចេកទេសចិញ្ចឹមជ្រូកជាង១០០ឆ្នាំកន្លងមកហើយ នៅចុងឆ្នាំ២០០៨ យើងបានដឹកជ្រូកពូជយ៉កសៀ ពូជដូនតាទួត ចំនួន៦៣០ក្បាលឈ្មោល ៣០ក្បាល​ ៣យន្តហោះលេខមូល​ ៣លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ មកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នេះជាលើកទី១ហើយ ដែលព្រះរាជាណាចក្រកម្ពុជាយើង បាននាំចូលពូជជ្រូកយ៉កសៀ បន្សុតពូជ​មកពីទីក្រុង យ៉កសាយ ចក្រភពអង់គ្លេស។ រយៈពេល១៣ឆ្នាំបានកន្លងទៅ កាលនោះ ខ្ញុំមានអាយុ៥៤ឆ្នាំ មកដល់អាយុ៦៧ឆ្នាំ ខ្ញុំបានហែលឆ្លងកាត់រាប់រយពាន់ឧបស័គ ដោយសារតែបុគ្គលមួយចំនួនគាត់គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន មិនបានគិតពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំទេ »។

សរុបមកវិញ តាមរយៈសារណែនាំដ៏ក្បោះក្បាយខាងលើ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ចង់ឱ្យប្រជាជនខ្មែរទាំងអស់ ជាពិសេសអ្នកមានលុយ មានលទ្ធភាព ងាកមកចាប់អារម្មណ៍ការចិញ្ចឹមសត្វ ដើម្បីជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិ ផ្តល់ការងារឱ្យប្រជាជននៅតាមទីជនបទបានធ្វើ ជួយបង្កើនវិស័យកសិកម្មកម្ពុជា និងដើម្បីកាត់បន្ថយលំហូរសាច់ប្រាក់ទៅបរទេស៕

អត្ថបទ៖ លីនី