ក្នុងឆមាសទី១ នៃឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធ-អាករបានចំនួន ៦ ១៣៩,៤១ ប៊ីលានរៀល (ប្រមាណជា ១ ៥១៥,៩០ លានដុល្លាអាមេរិក) ថយចុះ ១០.៦០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខនេះត្រូវបានបង្ហាញដោយ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២១ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយដ្ឋានពន្ធដារ តាមរយៈប្រព័ន្ធអនឡាញ កាលពីថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០២១។
ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ឯកឧត្តម បានបង្ហាញថា ក្នុងខែមិថុនា ឆ្នាំ២០២១ ចំណូលពន្ធ-អាករ គ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (ប្រព័ន្ធ គ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៦៧៨,៨១ ប៊ីលានរៀល (ប្រមាណជា ១៦៧,៦១ លានដុល្លារអាមេរិក) ស្មើនឹង ៧.៤៧% នៃផែនការប្រចាំឆ្នាំ២០២១។
ដោយឡែកសម្រាប់ឆមាសទី១ ឆ្នាំ២០២១ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ) មានចំនួន ៦ ១៣៩,៤១ ប៊ីលានរៀល (ប្រមាណជា ១ ៥១៥,៩០ លានដុល្លាអាមេរិក) ស្មើនឹង ៦៧.៥៨% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ឃើញថាកើនឡើងថយចុះចំនួន ៧២៧,៩៨ ប៊ីលានរៀល (ប្រមាណជា ១៧៩,៧៥ លានដុល្លារអាមេរិក)ស្មើនឹង-១០,៦០%។
គួរបញ្ជាក់ផងដែថា ក្នុងឆមាសទី១ ឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធ-អាករបានចំនួន ៦ ៨២០,៤៨ ប៊ីលានរៀល (ប្រមាណជា ១ ៦៨៤,០៧ លានដុល្លាអាមេរិក) កើនឡើង ១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩៕



អត្ថបទ៖ លីនី


