វៀតណាមចាប់ផ្ដើមដឹកទំនិញ​ដោយផ្ទាល់ទៅអឺរ៉ុប តាមរយៈរថភ្លើងជាលើកដំបូង
សេដ្ឋកិច្ច July 22, 2021 Khmernote

វៀតណាមបានចាប់ផ្ដើមដឹកទំនិញ​ដោយផ្ទាល់ទៅអឺរ៉ុប ខណៈរថភ្លើងដឹកទំនិញមួយបានចាកចេញពីទីក្រុងហាណូយ ទៅប៊ែលហ្សិក ជាលើកដំបូងកាលពីថ្ងៃអង្គារកន្លងទៅនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា រថភ្លើងដែលបានចាប់ផ្ដើមដាក់ដំណើរការនេះ ដឹកទូរកុងតឺន័រសម្លៀកបំពាក់ វាយនភ័ណ្ឌ និងស្បែកជើងស្បែក។

​ផ្លូវ​រថ​ថ្មី​នេះ​​នាំ​ជើង​រថភ្លើង​ពី​ស្ថា​នី​យ៍ Yen Vien ​នៅ​ក្នុង​ក្រុង​ហាណូយ​ ​ទៅ​ទីក្រុង Liege របស់​ប៊ែ​ល​ហ្សិ​ក​ ជាកន្លែងដែល​ផ្ទុកទូរកុងតឺន័រ​ទំនិញ​ទាំងនោះ​ ហើយបញ្ជូនដោយរថយន្តដឹកទំនិញទៅកាន់គោលដៅចុងក្រោយគឺទីក្រុង Rotterdam នៃប្រទេសហូឡង់ នេះ​បើ​តាមអយស្ម័យានវៀតណាម​ ​Vietnam​ ​Railway​s ​។​

ជាមួយគ្នានេះដែរ ​រថភ្លើង​ផ្ទុក​ទូ​កុងតឺន័រ​ប្រវែង​ ៤០ហ្វីត (ប្រមាណជាង ១២ម៉ែត្រ) នីមួយៗ​ ​នឹងត្រូវមកដល់ទី​ក្រុង​ ​Z​hen​g​z​h​ou ​ប្រទេស​ចិន​ ​ហើយត្រូវបានតភ្ជាប់ទៅរថភ្លើងអាស៊ី និងអឺរ៉ុប ដែលភ្ជាប់ទៅប៊ែលហ្សិក តាមរយៈប្រទេសរុស្ស៊ី និងបណ្តាប្រទេសអាស៊ីកណ្តាលដោយត្រូវចំណាយពេលចន្លោះពី ២៥-២៧ ថ្ងៃ ក្នុងការធ្វើដំណើរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនភាគហ៊ុនដឹកជញ្ជូននិងពាណិជ្ជកម្ម (Ratraco) បានភ្ជាប់ទំនាក់ទំនងជាមួយអ្នកបញ្ជូនបន្តនៅក្នុងប្រទេសផ្សេងៗ ដើម្បីផ្តល់សេវាដឹកជញ្ចូនដល់អតិថិជនដោយប្រើរថភ្លើងថ្មីដើម្បីដឹកជញ្ជូនទំនិញ។ ក្រុមហ៊ុន Ratraco និងដៃគូអឺរ៉ុបគ្រោងនឹងដំណើរការរថភ្លើងចំនួន ៨ខ្សែ ក្នុងមួយខែ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress