ក្រុងហូជីមិញ កំពុងជួបបញ្ហាកង្វះបន្លែ ផ្លែឈើ និងស៊ុត ខណៈផ្សារបោះដុំធំៗបានបិទទ្វារ ហើយប្រជាជននាំគ្នាទិញស្តុកទុកច្រើនពេក
សេដ្ឋកិច្ច July 19, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ទីក្រុងហូជីមិញ កំពុងជួបបញ្ហាកង្វះបន្លែ ផ្លែឈើ និងស៊ុត​ ខណៈពេលដែលជំងឺកូវីដ-១៩ បានរាលដាលដល់តំបន់ភាគខាងត្បូង ដែលប៉ះពាល់ដល់សង្វាក់ផ្គត់ផ្គង់ស្បៀងអាហារ។ លោក Nguyen Nguyen Phuong អនុប្រធានមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មទីក្រុងបានប្រាប់អ្នកយកព័ត៌មានថា ដោយក្នុងទីក្រុងមានតំបន់ដែលកំពុងស្ថិតក្នុងការបិទខ្ទប់ ដូច្នេះប្រជាជនជាច្រើនបាននឹងកំពុងស្បៀងស្តុកទុក ដែលនេះបណ្តាលឱ្យមានការខ្វះខាតនៅទីក្រុងហូជីមិញ។

លោកបាន​បន្ថែមថា ទីក្រុងនេះខ្វះបន្លែ ផ្លែឈើ និងអាហារស្រស់ប្រហែល ១,០០០ តោនក្នុងមួយថ្ងៃ។ ជាមួយគ្នានេះដែរ ដោយសារតម្លៃស៊ុតមានស្ថេរភាពនៅតាមផ្សារទំនើប និងទាបជាងផ្សារខាងក្រៅ ដូច្នេះក្នុងប៉ុន្មានថ្ងៃថ្មីៗនេះប្រជាជនបានទិញស៊ុតក្នុងបរិមាណច្រើនដើម្បីលក់ដើម្បីចំណេញ។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ ដើម្បីទប់ស្កាត់ការទិញស្តុកទុកអាហារ និងលក់បន្តក្នុងតម្លៃថ្លៃយកចំណេញ ផ្សារទំនើបជាច្រើនបានកំណត់ការទិញទំនិញរបស់អ្នកទិញ។ ទន្ទឹមនឹងនេះ ទីក្រុងកំពុងធ្វើការជាដៃគូជាមួយខេត្តនៅតំបន់ខ្ពង់រាបកណ្តាល ដើម្បីផ្គត់ផ្គង់ផលិតផលស្រស់ៗបន្ថែមទៀត។ ក្រៅពីនេះខេត្តនីមួយៗដែលនាំបន្លែ ផ្លែឃើ និងអាហារស្រស់មកហូជីមិញ ក៏មានបទប្បញ្ញត្តិផ្ទាល់ខ្លួនស្តីពីការ​ផុតកំណត់លើការធ្វើតេស្តទៅលើអ្នកបើកបររបស់ក្រុមហ៊ុនដឹកជញ្ជូនស្បៀងផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress