រមណីយដ្ឋានដ៏ស្រស់ស្អាតមួយកន្លែងលាក់ខ្លួននៅស្រុកស្អាង កំពុងទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ
ទេសចរណ៍ July 17, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រមណីយដ្ឋានភូមិផ្កាត្រកួន ស្រុកស្អាងកំពុងទាក់ទាញភ្ញៀវទេសចរ ឱ្យចូលទៅលេងកម្សាន្តនិងវិនិយោគជាហូរហែ ខណៈដែលរមណីយដ្ឋានមួយនេះ មានកន្លែងកម្សាន្តសម្រាប់បន្ធូរអារម្មណ៍ និងអ្នកដែលចង់វិនិយោគដីសម្រាប់ធ្វើផ្ទះលំហែកាយផងដែរ ។

លោក ឌិន សុមេធារិទ្ធស្ថានិករមណីយដ្ឋានភូមិផ្កាត្រកួន ស្ថិតនៅភូមិឫស្សី ជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានបើករមណីយដ្ឋាននេះ អស់រយៈពេលជាង៣ឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការអតិថិជនក្នុងការទៅលេងកម្សាន្ត និងអ្នកដែលចង់មាន ផ្ទះលំហែកាយផ្ទាល់ខ្លួន។

លោកបន្តថា បច្ចុប្បន្នមានភ្ញៀវទេសចរជាច្រើន បានចូលទៅលេងកម្សាន្ត ដើម្បីទៅទស្សនា ក៏ដូចជាការស្នាក់នៅ ថតរូបជាពិសេស មានភ្ញៀវទៅវិនិយោគលើគម្រោងដីធ្វើផ្ទះលំហែកាយផងដែរ ។ លោកបានបន្ថែមថា ប្រជាពលរដ្ឋខ្មែរភាគច្រើន គឺចង់រកកន្លែងលេងកម្សាន្ត ដែលមានបរិយាកាសល្អ មានទីធ្លាធំទូលាយ មានសុវត្ថិភាព មានសេវាកម្មល្អ មិនចំណាយពេលវេលាច្រើនក្នុងការធ្វើដំណើរ ហើយជាពិសេស សម្រាប់អ្នកដែលមានបំណង ចង់មានផ្ទះចម្ការ ឬផ្ទះលំហែកាយដែលមានទេសភាពស្រស់ស្អាតនិងភាពស្ងប់ស្ងាត់ ។

លោកបានសំណូមពរ ដល់ប្រជាពលរដ្ឋ ដែលទៅលេងកម្សាន្ត ជួយនាំគ្នាថែរក្សាអនាម័យ រក្សារបៀបរៀបរយ និងគោរពវិធានការការពាររបស់ក្រសួងសុខាភិបាល បានដាក់ចេញ ពាក់ម៉ាស់ ការលាងដៃជាមួយអាកុល ការរក្សាគម្លាតជាដើម។ សូមបញ្ជាក់ថា រមណីយដ្ឋានភូមិផ្កាត្រកួន បានបង្កើតតាំងពីឆ្នាំ២០១៨ លើផ្ទៃដី ១០០ហិកតា មានកន្លែងលេងកម្សាន្តជាច្រើន ដូចជា៖ ផ្ទះលំហែកាយ ក្ចុសអង្គុយ លេង ជិះទូក, ជិះកង់ , អាងហែលទឹក , មានផ្សារភូមិ , និងកន្លែងសម្រាប់ពិកនិកផងដែរ ៕

ប្រភព៖ ក្រសួងព័ត៌មាន