សហភាពអឺរ៉ុប បានដកប្រទេសថៃចេញពីបញ្ជីប្រទេសដែលធ្វើដំណើរប្រកបដោយសុវត្ថិភាពរបស់ខ្លួន ខណៈពេលដែលការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ក្នុងប្រទេសថៃនៅតែបន្តកើនឡើង។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation អ្នកធ្វើដំណើរមកពីប្រទេសថៃ ឥឡូវនេះនឹងប្រឈមមុខនឹងការរឹតត្បិតក្នុងការចូលទៅក្នុងបណ្តាប្រទេសសហភាពអឺរ៉ុបរួមទាំងការធ្វើចត្តាឡីស័កផងដែរ។
គួរបញ្ជាក់ផងដែរថា ប្រទេសថៃត្រូវបានគេដកចេញពីបញ្ជីធ្វើដំណើរដោយសុវត្ថិភាពរបស់សហភាពអឺរ៉ុប រួមជាមួយប្រទេស Rwanda កាលពីថ្ងៃព្រហស្បតិ៍។ ជាមួយគ្នានេះ ប្រទេសទាំងពីរ នឹងត្រូវរឹតត្បិតក្នុងការចូលទៅក្នុងបណ្តាប្រទេសនៅសហភាពអឺរ៉ុបរួមមាន៖ ប្រទេស Austria, Belgium, Bulgaria, Croatia, Cyprus, Czech Republic, Denmark, Estonia, Finland, France, Germany, Greece, Hungary, Ireland, Italy, Latvia, Lithuania, Luxembourg, Malta, Netherlands, Poland, Portugal, Romania, Slovakia, Slovenia, Spain និង Sweden៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand


