យោងតតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលពីល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់រថយន្តគិលានសង្គ្រោះចំនួន ៣០គ្រឿងបន្ថែមទៀតជូនដល់ព្រះរាជាណាចក្រកម្ពុជា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណា ប្រភេទថ្មី នៅលើសកលលោក។ កម្រ
សេចក្ដីប្រកាសព័ត៌មានដដែលបានបន្តថា នេះគឺជាការប្រគល់បន្ថែមលើរថយន្តគិលានសង្គ្រោះចំនួន ៧០គ្រឿងដែលបានផ្ដល់ជូនកន្លងរួចមកហើយ។ រថយន្តគិលានសង្គ្រោះទាំង៣០គ្រឿងនេះ បានបញ្ជូនទៅកាន់មូលដ្ឋានសុខាភិបាលជាច្រើនក្នុងសប្តាហ៍នេះ។ ជំនួយនេះ គឺផ្អែកលើវិធានការណ៍កិច្ចសហប្រតិបត្តិការ ដែលបានដាក់ចេញជាមួយបណ្តាប្រទេស អាស៊ានដែលត្រូវបានប្រកាសដោយ លោកអតីតនាយករដ្ឋមន្រ្តីស៊ីនហ្សូ អាបិនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសកាលពីខែមេសាឆ្នាំមុន។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃការងារជាច្រើនរបស់រដ្ឋាភិបាល ជប៉ុនក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ លើកម្រិតសាកល។
សូមជំម្រាបថា រហូតមកដល់ពេលនេះ ឆ្លើយតបនឹងការស្នើរសុំរបស់រាជរដ្ឋាភិបាលកម្ពុជា ជប៉ុនបានផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្រ្តដូចជារថយន្តគិលានសង្គ្រោះ ចំនួន១០០គ្រឿង ឧបករណ៍ត្រួតពិនិត្យកាំរស្មីអ៊ិចចំនួន១០ ឧបករណ៍ធ្វើរោគវិនិច្ឆ័យអ៊ុលត្រាសោនចំនួន ២៦ ឧបករណ៍ផលិតអុកស៊ីសែនចំនួន ៦៣ និងគ្រែសង្គ្រោះបន្ទាន់ចំនួន១០០គ្រែ និងគ្រឿងបរិក្ខារវេជ្ជសាស្រ្ត ជាច្រើនផ្សេងទៀតជូនដល់កម្ពុជា។
លើសពីនេះទៀត នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្រ្តីការបរទេសជប៉ុនបានប្រកាសថាជប៉ុននឹងផ្តល់វ៉ាក់សាំង AstraZeneca ដែលផលិតនៅប្រទេសជប៉ុន ប្រមាណ ១,០០០,០០០ ដូសជូនដល់កម្ពុជាតាមរយៈCOVAX Facility។ វ៉ាក់សាំងទាំងនេះនឹងត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខនេះ នៅពេលដែលការរៀបចំភស្តុភារដោយ COVAX Facility ត្រូវបានបញ្ចប់។


អត្ថបទ៖ លីនី


