យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសថៃបានឱ្យដឹងថា គណៈរដ្ឋមន្រ្តីថៃ បានអនុម័តលើសំណើ ដើម្បីអនុញ្ញាតឱ្យក្រុមពលករចំណាកស្រុក ៤ក្រុមមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ស្នាក់នៅ និងធ្វើការនៅប្រទេសថៃដោយស្របច្បាប់រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំក្រោយ។
សារព័ត៌មាន Bangkok Post បានដកស្រង់សម្ដីរបស់រដ្ឋមន្ត្រីក្រសួងការងារលោក Suchart Chomklin ថាសេចក្តីសំរេចនេះត្រូវបានសំរេចនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី ១៣ ខែកក្កដា។ លោក Suchart បានមានប្រសាសន៍ថា រដ្ឋាភិបាលបានសំរេចចិត្តអនុញ្ញាតឱ្យពលករចំណាកស្រុកមកពីប្រទេសទាំងនេះស្នាក់នៅនិងធ្វើការរហូតដល់ថ្ងៃទី ២៧ ខែកក្កដាឆ្នាំក្រោយ ដើម្បីអនុញ្ញាតឱ្យពួកគេបន្តការងាររបស់ពួកគេ និងចុះឈ្មោះសម្រាប់ប័ណ្ណការងារ។
លោកបានបន្ថែមថា រដ្ឋាភិបាលកំពុងព្យាយាមថែរក្សាកម្មករទាំងនេះឱ្យបានល្អ ដើម្បីធានាសុវត្ថិភាពនិងសុខភាពរបស់ពួកគេ ដែលជារឿងចាំបាច់បំផុត សម្រាប់ធានាដល់សុខភាពសាធារណៈរបស់ប្រទេសថៃ។ គួរបញ្ជាក់ផងដែរថា កាលពីមុនរដ្ឋាភិបាលបានសំរេចអនុញ្ញាតឱ្យពលករចំណាកស្រុកមកពីប្រទេសទាំងនេះស្នាក់នៅនិងធ្វើការនៅក្នុងប្រទេសជាបណ្តោះអាសន្ន តាមរយៈសេចក្តីសំរេចរបស់គណៈរដ្ឋមន្រ្តីចំនួន ៣ គឺសេចក្ដីសម្រេចកាលពីថ្ងៃទី ២០ ខែសីហាឆ្នាំ ២០១៩ ,ថ្ងៃទី ៤ ខែសីហាឆ្នាំ ២០២០, និងថ្ងៃទី ១០ ខែវិច្ឆិកាឆ្នាំ ២០២០ ។
ក្នុងនោះ ក៏មានពលករចំណាកស្រុកជាច្រើននាក់ដែលមានប័ណ្ណការងារហួសសុពលភាព បន្ទាប់ពីពួកគេមិនបានស្វែងរកការស្នើសុំបណ័្ណការងារថ្មីក្នុងរយៈពេល ៣០ ថ្ងៃតាមច្បាប់ បន្ទាប់ពីការចាកចេញ ឬ បាត់បង់ការងារពីមុន។ ទោះយ៉ាងណាការពន្យារប័ណ្ណអនុញ្ញាតិការងាររបស់ពួកគេ ដែលនឹងត្រូវបញ្ចប់នៅពេលឆាប់ៗនេះ ជាមួយនឹងការបន្តបិទព្រំដែនដោយសារជំងឺរាតត្បាតកូវីដ-១៩ ពលករចំណាកស្រុកទាំងនេះ ភាគច្រើននឹងត្រូវប្រឈមនឹងការធ្វើការងារដោយខុសច្បាប់ ប្រសិនបើមិនមានវិធានការអ្វីទេ។
ជាមួយគ្នានោះដែរ ថ្ងៃទី ២៦ ខែមករា រដ្ឋាភិបាលបានសំរេចផ្តល់សិទ្ធិដល់ពួកគេបន្ថែមទៀត ដោយអនុញ្ញាតឱ្យជនចំណាកស្រុកស្នាក់នៅរហូតដល់ចន្លោះពីថ្ងៃទី ៣១ ខែកក្កដាដល់ថ្ងៃទី ៦ ខែកញ្ញា អាស្រ័យលើកាលបរិច្ឆេទផុតកំណត់នៃប័ណ្ណការងាររបស់ពួកគេ។ ប៉ុន្តែទោះយ៉ាងណាខណៈដែលជំងឺរាតត្បាតដែលនៅតែបន្តកើនឡើង បច្ចុប្បន្ននេះជនចំណាកស្រុកកំពុងប្រឈមនឹងការបាត់បង់ឋានៈជាជនចំណាកស្រុកស្របច្បាប់នៅក្នុងប្រទេសថៃ ដែលនេះជាមូលហេតុធ្វើឱ្យរដ្ឋាភិបាលថៃសម្រេចឱ្យពួកគេស្នាក់នៅ និងធ្វើការបន្តដល់ឆ្នាំក្រោយ៕




អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


