បាត់បង់ទាំងការងារ ឆ្លងទាំងជំងឺ! ចាប់តាំងពីខែមេសាមក កម្មករវៀតណាមប្រមាណកន្លះលាននាក់ រងផលប៉ះពាល់ដោយសារកូវីដ១៩
សេដ្ឋកិច្ច July 15, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា កម្មករជិត ៥០០,០០០ នាក់ បានបាត់បង់ការងារ និងត្រូវផ្អាកការងារជាបណ្ដោះអាសន្ន ចាប់តាំងពីចុងខែមេសា នៅពេលដែលរលកទី៤ នៃវីរុសកូវីដ-១៩​ វាយលុកក្នុងប្រទេសវៀតណាម។ លោក Nguyen Dinh Khang ប្រធានសហព័ន្ធការងារវៀតណាមបាននិយាយកាលពីថ្ងៃពុធថា បុគ្គលិកជិត ៩,៥០០ នាក់នៅ ៣៥ ទីក្រុងនិងខេត្ត បានឆ្លងជំងឺ កូវីដ-១៩ ដែលស្មើនឹងជាង ៣១% នៃចំនួនឆ្លងសរុប។

លោកបានបន្ថែមថា កម្មករប្រហែល ៦ ម៉ឺននាក់មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺកូវីដ-១៩។ ដោយព្យាករណ៍ថា ចំនួនកម្មករដែលរងផលប៉ះពាល់នឹងកើនឡើង វិស័យនិងតំបន់នានាគួរតែពន្លឿនការអនុវត្តកញ្ចប់ជំនួយដែលឧបត្ថម្ភដោយរដ្ឋដែលមានទឹកប្រាក់ ២៦ ទ្រីលានដុង។

យោងតាម ស្ថិតិពីសហព័ន្ធការងារទីក្រុងហូជីមិញគិតត្រឹមថ្ងៃទី ៧ ខែកក្កដាមានកម្មករជាង ១,៨០០ នាក់នៅក្នុងទីក្រុងបានឆ្លងជំងឺកូវីដ-១៩។ ក្រុមហ៊ុនផលិតស្បែកជើងមួយកន្លែង ដែលមានកម្មករច្រើនជាងគេនៅក្នុងទីក្រុងចំនួន ៥៦,០០០ នាក់ត្រូវបញ្ឈប់ប្រតិបត្តិការរយៈពេល ១០ ថ្ងៃ ចាប់ពីថ្ងៃអង្គារមក។ ជាមួយគ្នានោះ ក្រុមហ៊ុនផលិតស្បែកជើងមួយផ្សេងទៀត ដែលមានទីតាំងនៅដុងណៃ បានអនុញ្ញាតឱ្យកម្មករជិត ១៧,០០០ នាក់ឈប់ធ្វើការអស់រយៈពេល ១៤ ថ្ងៃ ខណៈនៅចុងខែឧសភាខេត្តភាគខាងជើងនៃខេត្ត Bac Giang បានបិទសួនឧស្សាហកម្មចំនួន ៤ ដែលប៉ះពាល់ដល់បុគ្គលិកជិត ១៤ ម៉ឺននាក់៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress