ប្រទេសថៃកំពុងពិចារណាដាក់កម្រិតលើការនាំចេញវ៉ាក់សាំងកូវីដ-១៩ AstraZeneca ដែលផលិតនៅក្នុងស្រុក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress។ សារព័ត៌មានដដែលបានឱ្យដឹងថា ការកំណត់ចំនួនក្នុងការនាំចេញវ៉ាក់សាំងនេះ គឺប្រទេសថៃធ្វើឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិកូវីដ-១៩ របស់ខ្លួន ដែលវិធានការណ៍នេះទំនងជាជះឥទ្ធិពលដល់ប្រទេសជិតខាង និងធ្វើឱ្យមានការព្រួយបារម្ភអំពីការចាក់វ៉ាក់សាំង។
ទន្ទឹមនឹងនោះ រាល់ការប៉ុនប៉ងដើម្បីគ្រប់គ្រងការនាំចេញ អាចធ្វើឱ្យការបញ្ចេញវ៉ាក់សាំងកាន់តែយឺតយ៉ាវបន្ថែមទៀតទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម និងឥណ្ឌូនេស៊ី ដែលកំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លង និងការរំខានដល់ការផ្គត់ផ្គង់ដែលបណ្តាលមកពីការទប់ស្កាត់ការនាំចេញកាលពីមុនរបស់ប្រទេសឥណ្ឌា។
គួរបញ្ជាក់ផងដែរថា ប្រទេសថៃកំពុងទទួលរងនូវការផ្ទុះឡើងនូវមេរោគឆ្លងដ៏អាក្រក់បំផុតរបស់ខ្លួននៅឡើយ ដោយមានមនុស្សរាប់រយនាក់បានស្លាប់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយមានអ្នកឆ្លងថ្មីជាង ៨០០០ នាក់ត្រូវបានគេរាយការណ៍អស់ជាច្រើនថ្ងៃក្នុងខែនេះ ហើយមានតែប្រមាណ ៥% នៃប្រជាជនជាង ៦៦ លាននាក់របស់ខ្លួនប៉ុណ្ណោះ បានទទួលការចាក់វ៉ាក់សាំង។
សូមរម្លឹកថា ប្រទេសថៃបានផលិតវ៉ាក់សាំង AstraZeneca ចាប់តាំងពីខែមិថុនា ហើយគ្រោងនឹងនាំចេញទៅប្រទេសជាច្រើនទៀតនៅអាស៊ីអាគ្នេយ៍ក៏ដូចជាតៃវ៉ាន់ផងដែរ ខណៈប្រទេសហ្វីលីពីន និងម៉ាឡេស៊ី ស្ថិតក្នុងចំណោមប្រទេសដែលមានការយឺតយ៉ាវក្នុងការដឹកជញ្ជូន។
ជាមួយគ្នានេះដែរ កាលពីចុងខែមិថុនាក្រុមហ៊ុន AstraZeneca Thailand បាននិយាយថា ដៃគូរបស់ខ្លួនគឺ Siam Bioscience ដែលជាក្រុមហ៊ុនរបស់ស្ដេចថៃព្រះនាម Maha Vajiralongkorn នឹងផលិតវ៉ាក់សាំងបានចំនួន ១៨០ លានដូសនៅឆ្នាំនេះ ពោលគឺជាងមួយភាគបីសំរាប់ប្រទេសថៃ និង ២ ភាគ ៣ សម្រាប់ប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍៕






អត្ថបទ៖ លីនី
ប្រភព៖ vnexpress


