ថៃ សម្រេចបើកកោះសាមុយទទួលភ្ញៀវទេសចរបរទេសឡើងវិញនៅថ្ងៃនេះ តែគ្មានវត្តមានភ្ញៀវសូម្បីតែម្នាក់
ទេសចរណ៍ July 15, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដានេះ Koh Samui, Koh Pha-ngan និង Koh Tao បានបើកទទួលភ្ញៀវទេសចរបរទេសឡើងវិញ។ នៅថ្ងៃដំបូង នៃការបើកឡើងវិញក្រោមគម្រោង Samui Plus បានបង្ហាញថា មិនមានភ្ញៀវទេសច​របរទេសណាម្នាក់ចូលមកកម្សាន្តនៅ Koh Samui ឡើយ។

បើតាមសមាគមលើកកម្ពស់ទេសចរណ៍ Koh Samui បានឱ្យដឹងថា មានតែជនបរទេសចំនួន ១១ នាក់ ដែលសុទ្ធតែជាសមាជិកនៃសារព័ត៌មានប៉ុណ្ណោះ ដែលនឹងធ្វើការហោះហើរពីទីក្រុងបាងកក មក Koh Samui នៅថ្ងៃព្រហស្បតិ៍នេះ។ យ៉ាងណាមិញអ្នកទេសចរអន្តរជាតិចំនួន ៤ នាក់នឹងមកដល់នៅថ្ងៃសុក្រនេះ ខណៈក្នុងចំណោមសណ្ឋាគារចំនួន ៦៧១ នៅ Koh Samui មាន ១៧៧ កន្លែងបានបើកដំណើរការជាថ្មី។

ប្រធានសមាគមលោក Ratchaporn Poolsawas បាននិយាយកាលពីថ្ងៃពុធថា៖ “ យើងមិនរំពឹងថានឹងមានអ្នកទេសចរច្រើនមកលេងប្រទេសថៃក្នុងត្រីមាសទី ៣ ឆ្នាំនេះទេ ព្រោះតែការកើនឡើងនៃករណីកូវី-១៩ ប្រចាំថ្ងៃរបស់ប្រទេសនេះ នឹងប៉ះពាល់ដល់ទំនុកចិត្តរបស់ពួកគេ” ។

គួរបញ្ជាក់ផងដែរថា អាជ្ញាធរថៃ កាលពីថ្ងៃអង្គារ ទី០៦ ខែកក្កដា បានបញ្ជាក់ពីការបើកកោះចំនួន ៣ឡើងវិញរួមមាន Koh Samui, Koh Pha-ngan និង Koh Tao ក្រោមគម្រោង “Samui Plus Model” បន្ទាប់ពីការបើកដំណើរការកោះភូកេត កាលពីដើម​ខែកក្កដា ថ្មីៗនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand