ផ្សារទំនើបនៅក្នុងប្រទេសវៀតណាមចាប់ផ្ដើមកំណត់ចំនួនទំនិញដែលអតិថិជនអាចទិញបានក្នុងម្នាក់ៗ បន្ទាប់ពីរកឃើញថាមានអតិថិជនមួយចំនួនបានទិញទំនិញដែលមានតម្លៃថោកពីក្នុងផ្សារស្តុកទុក និងយកទៅលក់បន្តក្នុងតម្លៃថ្លៃដើម្បីទទួលបានផលចំណេញ។
ខ្សែសង្វាក់ផ្សារទំនើបឈានមុខគេ Saigon Co.op បានឱ្យដឹងថា ការលួចបន្លំដែលគ្មានសីលធម៌បែបនេះ បានបណ្តាលឱ្យមានការខ្វះខាតទំនិញមួយចំនួនជាពិសេស ស៊ុត។ ដើម្បីដោះស្រាយបញ្ហា ខាងផ្សារត្រូវតែកំណត់ចំនួនស៊ុត ដែលអតិថិជនម្នាក់ៗអាចទិញបានក្នុងពេលតែមួយ។
លោក Nguyen Nguyen Phuong អនុប្រធានមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មក្នុងក្រុងហូជីមិញ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ តម្លៃនៅតាមផ្សារទំនើប និងហាងងាយស្រួលនៅស្ថេរដដែល ប៉ុន្តែបុគ្គលខ្លះបានទិញគ្រឿងទេសក្នុងបរិមាណច្រើនសម្រាប់ស្តុកនិងលក់បន្ត។ ទន្ទឹមនឹងនេះដែរ យោងតាមក្រុមហ៊ុន Saigon Coop តម្លៃបន្លែ ផ្លែឈើ សាច់ស៊ុតទឹកដោះគោ និងអង្ករនៅក្នុងផ្សារទំនើបរបស់ខ្លួននៅតែមិនផ្លាស់ប្តូរ ទោះបីជាអ្នកនៅផ្សារខាងក្រៅកើនឡើងយ៉ាងខ្លាំងក៏ដោយ៕


អត្ថបទ៖ លីនី
ប្រភព៖ vnexpress


