តំបន់នេះលែងលិចទៀតហើយ ខណៈលូរំដោះទឹកជំនន់ក្រោមជំនួយរបស់ជប៉ុន នឹងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៦ ខែកក្កដា នេះតទៅ
សេដ្ឋកិច្ច July 14, 2021 Khmernote

យោងតាមការបញ្ជាក់របស់ផេកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអមដំណើរឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ MIKAMI Masahiro ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចុះពិនិត្យការដ្ឋានគម្រោងការពារទឹកជំនន់ និងកែលំអប្រឡាយលូជំហានទី៤ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដែលសម្រេចបានលទ្ឋផលបាន ៩៨%ហើយ ដោយគ្រោងនឹងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២១ នេះតទៅ។

សូមបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងកែលំអប្រឡាយលូជំហានទី៤ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន បានអនុវត្តការដាក់លូមេជាលូមូល និងលូប្រអប់ខ្នាតធំ ដែលមានទំហំចាប់ពីអង្កត់ផ្ចិត ១.៥ម ដល់ ២.៣ម សាងសង់អាងក្រោមដីដែលស្តុកទឹកបាន ៦៥០០០ម៉ែត្រគូប មានទំហំបណ្តោយ ១៣៥ម ទទឹង ១៣ម ជំរៅ ៤ម និងសាងសង់ស្ថានីយ៍បូមទឹកថ្មី មានសមត្ថភាពបូមទឹក ១.៤ម៉ែត្រគូបក្នុង១វិនាទី។ គម្រោងនេះ នឹងដោះស្រាយបញ្ហាទឹកលិចនៅតំបន់ជុំវិញ និងខាងជើងវត្តភ្នំ រួមមានផ្លូវលេខ ៤៧ ផ្លូវលេខ ៩០ ផ្លូវលេខ ៩២…៕

ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូន​រាជធានីភ្នំពេញ