សត្វគោតឿឈ្មោះ «Rani» ដែលម្ចាស់ថាជាគោតូចជាងគេបំផុតលើលោក កំពុងទាញយកការចាប់អារម្មណ៍ពីមនុស្សជាច្រើនជាពិសេសអ្នកទេសចរ
ទេសចរណ៍ July 12, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា មនុស្សរាប់រយនាក់នាំ​គ្នាសម្រុកទៅកសិដ្ឋានមួយកន្លែងនៅក្នុងប្រទេសបង់ក្លាដេស ដើម្បីមើលសត្វគោតឿកម្ពស់ ២០អ៉ីញ ឈ្មោះថា «Rani» ដែលម្ចាស់អះអាងថា វាជាគោតូចជាងគេបំផុតលើពិភពលោក។

សារព័ត៌មានដដែលបានឱ្យដឹងថា ថ្មីៗនេះមនុស្សរាប់រយនាក់បាននាំគ្នាសម្រុកទៅមើល Rani ដែលជាសត្វគោតឿ នៅឯកសិដ្ឋានមួយនៅតំបន់ Savar ដែលស្ថិតនៅជាយក្រុង Dhaka នៃប្រទេសបង់ក្លាដែស។ សត្វគោ Rani ឬ ត្រូវបានគេហៅថា ម្ចាស់ក្សត្រី (Queen) មានអាយុ ២៣ខែ ត្រូវបានទិញដោយកសិដ្ឋាន Shikor Agro Industries Limited ពីកសិដ្ឋានមួយទៀតនៅក្នុងស្រុក Naogaon ភាគពាយ័ព្យប្រទេសបង់ក្លាដែសប្រហែលមួយឆ្នាំមុន។

គោញីដែលមានប្រវែង ២៦អ៉ីញ និងទម្ងន់ ២៦គីឡូមួយនេះ ត្រូវបានគេកត់ត្រាបញ្ជូលទៅក្នុងសៀវភៅកំណត់ត្រាពីភពលោក «Guinness Book of Records» ដោយម្ចាស់វាអះអាងថា វាជាគោតូចជាងគេបំផុតនៅលើពិភពលោក។ លោក Tanvir Hasan អ្នកគ្រប់គ្រងកសិដ្ឋានបាននិយាយថា អ្នកកាន់កំណត់ត្រាពិភពលោកបច្ចុប្បន្ន គឺជាគោតូចជាងគេបំផុតមកពីរដ្ឋ Kerala របស់ឥណ្ឌាដែលមានកម្ពស់ជិត ២៤.១ អ៉ីញ។ លោកបានបន្តថា៖​ « ពេទ្យសត្វរបស់យើងបានបញ្ជាក់ថា Rani ដុះធ្មេញពីររួចទៅហើយ ហើយឥឡូវនេះវាមានអាយុ ២៣ ខែហើយ ដូច្នេះវានឹងមិនលូតលាស់ទៀតទេ” ។

ជាមួយគ្នានោះដែរ Md Mamun អ្នកចិញ្ចឹមគោនៅកសិដ្ឋានទឹកដោះគោដែលបានមើលថែរ៉ានីអស់រយៈពេល ១១ ខែបាននិយាយថា៖ « រ៉ានីគឺជាប្រភេទគោដែលប្លែកជាងគេបំផុត ប៉ុន្តែវាចុះសម្រុងជាមួយនឹងសត្វគោដទៃទៀតបាន។ ខណៈសត្វគោទូទៅ ស៊ីអាហារបានច្រើន តែ Rani មិនដូចគោទាំងនោះទេ រាល់ថ្ងៃវាស៊ីធញ្ញជាតិ ១០០ក្រាមនៅពេលព្រឹក និងពេលថ្ងៃ។ ជាងនេះទៅទៀតនោះ Rani ត្រូវងូតជារៀងរាល់ព្រឹក នឹងជូតសម្អាតនៅពេលរសៀល ព្រោះគោនេះនឹងមានការរំខានប្រសិនបើមានភាពកខ្វក់ ហើយជាពិសេសគោញី Rani ចូលចិត្តនៅជាមួយមនុស្ស។ ខ្ញុំមានទំនាក់ទំនងជិតស្និទ្ធជាមួយវា ហើយវត្តមានរបស់ខ្ញុំធ្វើឱ្យគោនេះរីករាយជានិច្ច ហើយខ្ញុំចូលចិត្តបម្រើ Rani ខ្លាំងណាស់ »។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពី Rani បានមកធ្វើនៅកសិដ្ឋានរបស់ពួកគេមក គោញីមួយក្បាលនេះបានទាក់ទាញអ្នកទេសចរជាច្រើន លើសពីនេះ អ្នកទេសចរខ្លះចាប់ចិត្តរហុតដល់ថ្នាក់ចង់ទីញសត្វគោនេះ សម្រាប់ការបូជានៅក្នុងពិធីបុណ្យម៉ូស្លីមនៃការបូជាសត្វ គឺ Eid al-Adha ក្នុងតម្លៃរហូតដល់ ១៥០០,០០០ តាកាតា (ប្រហែល ១៧,០០០ ដុល្លារអាមេរិក) ឯណោះ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand