យោងតាមការស្ទង់មតិថ្មីៗនេះ ដោយធនាគារ Standard Chartered បានបង្ហាញថា សិង្ហបុរី ថៃ និងវៀតណាម គឺជាទិសដៅទាក់ទាញនៅអាស៊ីអាគ្នេយ៍ សម្រាប់ក្រុមហ៊ុនដើម្បីពង្រីកផលិតកម្មនិងអាជីវកម្ម។ លទ្ធផលនៃការស្ទង់មតិបានបង្ហាញថា សហគ្រាសភាគច្រើននៅក្នុងអាស៊ាន កំពុងផ្តោតលើឱកាសអាជីវកម្មនៅក្នុងតំបន់ ដោយរំពឹងថានឹងមានកំណើនខ្លាំងក្នុងរយៈពេល ១២ ខែខាងមុខ។
ជាក់ស្ដែង ប្រទេសសិង្ហបុរីបានក្លាយជាគោលដៅពង្រីកផលិតកម្ម និងអាជីវកម្មដ៏ទាក់ទាញបំផុតដោយ ៨០% នៃក្រុមហ៊ុនដែលត្រូវបានស្ទង់មតិបាននិយាយថា ពួកគេកំពុងផ្តោតលើផលិតកម្មនិងការពង្រីកអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសនេះ បន្ទាប់មកប្រទេសថៃ ៦០% និងវៀតណាម ៥០%។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនជាច្រើនបានជ្រើសរើសយកប្រទេសសិង្ហបុរី ដើម្បីបង្កើតការិយាល័យកណ្តាល ការិយាល័យលក់និងទីផ្សារមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ ឬ មជ្ឈមណ្ឌលច្នៃប្រឌិតនៅថ្នាក់តំបន់។
មេដឹកនាំសាជីវកម្មបាននិយាយថា កម្លាំងជំរុញចំនួនបីសម្រាប់ពួកគេ ដើម្បីពង្រីកអាជីវកម្មនៅអាស៊ីអាគ្នេយ៍គឺ៖ ការចូលទៅកាន់ទីផ្សារអ្នកប្រើប្រាស់ដែលកំពុងកើនឡើងនៅក្នុងតំបន់, ការចូលទៅកាន់ទីផ្សារអន្តរជាតិតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកម្លាំងពលកម្មដែលពោរពេញដោយជំនាញជាច្រើន។ ក្រៅពីនេះភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ត្រូវបានគេរំពឹងថានឹងទាក់ទាញការវិនិយោគបន្ថែមទៀតនៅក្នុងប្លុកនេះ។ សហគ្រាសដែលបានស្ទង់មតិទាំងអស់បាននិយាយថាពួកគេមានផែនការពង្រីកការវិនិយោគក្នុងរយៈពេល ៣-៥ ឆ្នាំខាងមុខ។
ទោះជាយ៉ាងណាក៏ដោយសហគ្រាសក៏បានចង្អុលបង្ហាញពីហានិភ័យនិងបញ្ហាប្រឈមជាច្រើន។ ហានិភ័យធំបំផុតទាំងបីគឺ ការរាត្បាតដោយវីរុស កូវីដ-១៩ និងហានិភ័យទាក់ទងនឹងសុខភាពផ្សេងទៀត, អស្ថិរភាពភូមិសាស្ត្រនយោបាយ និងជម្លោះពាណិជ្ជកម្ម; និងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចយឺត និងតម្រូវការចុះខ្សោយនៃការប្រើប្រាស់។ ពួកគេក៏បាននិយាយផងដែរថាបញ្ហាប្រឈមធំបំផុតក្នុងរយៈពេល ៦-១២ ខែបន្ទាប់រួមមាន ការផ្លាស់ប្តូរគំរូអាជីវកម្មដើម្បីសម្របខ្លួនទៅនឹងស្ថានភាពជាក់ស្តែងនៅក្នុងវិស័យផលិតកម្មនិងអាជីវកម្មនីមួយៗ កសាងទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ និងសម្របខ្លួនទៅនឹងតម្រូវការភ័ស្តុភារនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងការយល់ដឹងពេញលេញអំពីបទប្បញ្ញត្តិជាតិស្តីពី វិធីសាស្រ្តទូទាត់និងហេដ្ឋារចនាសម្ព័ន្ធ៕




អត្ថបទ៖ លីនី
ប្រភព៖ vnexpress


