ការបិទខ្ទប់ និងការគ្រប់គ្រងយ៉ាងតឹងរឹងរបស់រដ្ឋាភិបាលថៃ ភាគច្រើននឹងប៉ះពាល់ដល់ការចំណាយផ្ទាល់ខ្លួនរបស់ប្រជាជន និងទេសចរក្នុងស្រុក នេះបើតាមការលើកឡើងរបស់លោក លោក Amonthep Chawla ប្រធានស្រាវជ្រាវនៅធនាគារថៃ CIMB។ ការចំណាយផ្ទាល់ខ្លួនត្រូវបានគេប៉ាន់ស្មានថា នឹងបន្តធ្លាក់ចុះនៅខែកក្កដា និងនៅត្រីមាសទី៣ ខណៈពេលដែលប្រជាជនត្រូវបានគេស្មានថា នឹងបញ្ឈប់ការធ្វើដំណើរឆ្លងកាត់ខេត្ត ដែលនេះនឹងប៉ះពាល់ដល់ទេសចរណ៍ក្នុងស្រុកនៅត្រីមាសទី ៣។
ប្រធានស្រាវជ្រាវនៅធនាគារថៃ រូបនេះបានលើកឡើងទៀតថា វិធានការណ៍ចុងក្រោយរបស់រដ្ឋាភិបាល មិនគួរជះឥទ្ធិពលដល់វិស័យផលិតកម្ម និងការនាំចេញរបស់ថៃក្នុងអំឡុងពេលនៃការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកទេ។ ហើយទោះបីការនាំចេញកើនឡើងក៏សេដ្ឋកិច្ចថៃប្រឈមនឹងហានិភ័យពីការឆ្លងជំងឺប្រចាំថ្ងៃខ្ពស់ជាងមុន និងការពន្យារពេលចាក់វ៉ាក់សាំង។
លោកបានបន្ថែមថា ប្រសិនបើរដ្ឋាភិបាលមិនអាចទប់ស្កាត់ការឆ្លងថ្មី និងពន្យាររយៈពេលនៃការបិទខ្ទប់នោះទេ ធនាគារ CIMBT នឹងកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសសម្រាប់ឆ្នាំនេះម្តងទៀត ហើយវាអាចទាបជាង ១% ពីការប៉ាន់ស្មានដែលមានស្រាប់ គឺ ១.៣% ។
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលសាធារណៈបានដាក់ចេញនូវសំណើបិទខ្ទប់ក្នុងរយៈពេល ១៤ ថ្ងៃ ចំពោះខេត្តណាដែលស្ថិតនៅក្រោមការគ្រប់គ្រងខ្លាំង និងតឹងរឹងបំផុត នឹងត្រូវបានបិទខ្ទប់ក្នុងរយៈពេល ១៤ ថ្ងៃ ចំពោះខេត្ត ក្រុង ដែលស្ថិតនៅក្រោមការគ្រប់គ្រងខ្លាំង និងតឹងរឹងបំផុតដូចជា Bangkok, ខេត្ត Nonthaburi, Pathum Thani និង Samut Prakan៕




អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


