ស្ថានការណ៍កាន់តែមិនស្រួល! ប្រជាជននៅទីក្រុងបាងកក នាំគ្នាសម្រុកទិញស្បៀង និងរបស់ចាំបាច់ស្តុកទុក ព្រោះខ្លាចការបិទខ្ទប់ម្ដងទៀត
សេដ្ឋកិច្ច July 9, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ប្រជាជនថៃនៅទីក្រុងបាងកក បាននាំគ្នាសម្រុកទៅផ្សារទំនើបកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថ្មីនេះ ដើម្បីទិញស្បៀង និងរបស់របរចាំបាច់ស្តុកទុក ត្រៀមសម្រាប់ការបិទខ្ទប់ដែលអាច​កើតមានឡើង ខណៈស្ថានភាពរីករាលដាលកូវីដ-១៩ កាន់តែអាក្រក់ទៅៗ។

ប្រភពដដែលបានឱ្យដឹងថា ការទិញទំនិញដ៏ស្លន់ស្លោរនេះ បានកើតឡើង ដោយសារសំណើរបស់ក្រសួងសុខាភិបាលសាធារណៈដែលបានថាខេត្តណាដែលស្ថិតនៅក្រោមការគ្រប់គ្រងខ្លាំង និងតឹងរឹងបំផុត នឹងត្រូវបានបិទខ្ទប់ក្នុងរយៈពេល ១៤ ថ្ងៃ។ ជាក់ស្ដែងទីក្រុង Bangkok, ខេត្ត Nonthaburi, Pathum Thani និង Samut Prakan ត្រូវបានចុះបញ្ជីជាតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងតឹងរឹងបំផុតចាប់តាំងពីថ្ងៃទី ១៥ ខែឧសភា។

ការចាក់សោរនេះ នឹងត្រូវបានធ្វើឡើង ដូចដែលទៅនឹងការបិទខ្ទប់កាលពីខែមេសាឆ្នាំមុន ហើយនឹងរួមបញ្ចូលទាំងការបិទកន្លែងដែលមានហានិភ័យខ្ពស់បំផុត និងហាមឃាត់ប្រជាជនមិនអោយចេញទៅខាងក្រៅ ឬធ្វើដំណើរទៅកាន់ខេត្តផ្សេងផងដែរ។ យ៉ាងណាមិញមជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាព កូវីដ-១៩ (CCSA) បាននិយាយថា ខ្លួននឹងពិចារណាលើសំណើនេះនៅថ្ងៃសុក្រ ទី០៩ ខែកក្កដា នេះ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand