មន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានប្រកាសកាលពីពេលថ្មីៗថា ទីក្រុងហូជីមិញ នឹងមិនខ្វះស្បៀងឡើយ ខណៈការស្តុកស្បៀងអាហារច្រើនជាង ១២០,០០០ តោន ដែលចំនួននេះកើនឡើង ៣ដងនៃបរិមាណធម្មតា ដើម្បីធានាថាតម្រូវការរបស់អ្នកប្រើប្រាស់ត្រូវបានបំពេញយ៉ាងពេញលេញ។
លោក Nguyen Nguyen Phuong អនុប្រធានមន្ទីរកាលពីថ្ងៃពុធ បានសារភាពថា ផ្សារលក់ដុំទាំងបីក្នុងក្រុងបានបិទទ្វារ ប៉ុន្មានថ្ងៃមុនបន្ទាប់ពីការឆ្លងវីរុសកូវីដ-១៩ ត្រូវបានរកឃើញនៅទីនោះ ហើយបរិមាណទំនិញប្រចាំថ្ងៃដែលផ្គត់ផ្គង់នៅក្នុងទីផ្សារបានធ្លាក់ចុះដល់ ៤,៥០០-៥,០០០ តោន ពី ៦,០០០ ទៅ ៨,០០០ តោន។
ប៉ុន្តែទោះជាយ៉ាងណាក្ដី អនុប្រធានរូបនេះ ធានាថាការធ្លាក់ចុះនេះត្រឹមតែបណ្ដោះអាសន្នប៉ុណ្ណោះ ដោយលោកបានចង្អុលបង្ហាញថា ទីក្រុងហូជីមិញត្រូវការទំនិញប្រហែល ៥,០០០-៦,០០០ តោនក្នុងមួយថ្ងៃ ខណៈទីក្រុងបានស្តុកស្បៀងជាង ១២០,០០០ តោន ហើយបណ្តាញចែកចាយជាច្រើនក៏កំពុងដំណើរការ ដូច្នេះប្រជាជនមិនគួរព្រួយបារម្ភនៅក្នុងស្ថានភាពរាត្បាតណាមួយឡើយ។
ជាមួយគ្នានោះដែរ ផ្សារបែបប្រពៃណីចំនួន ១១០កន្លែង ផ្សារទំនើបធំៗ ១០៦កន្លែង ផ្សារទំនើបខ្នាតតូច ២៤៦៩កន្លែង និងហាងងាយស្រួល ២៨៧០០កន្លែង នៅតែបើកដំណើរការ ហើយអាជ្ញាធរស្រុកផ្តល់ការគាំទ្រសម្រាប់ការលក់តាមអ៉ីនធឺណេត។ លើសពីនេះ ផ្សារទំនើបបានបន្ថែមម៉ោងធ្វើការចាប់ពីម៉ោង ៧ ព្រឹក ដល់១១យប់ ហើយស្តុកមានគ្រប់គ្រាន់សម្រាប់រយៈពេលមួយខែពេញ។
អ្វីដែលកាន់តែមិនគួរឱ្យព្រួយបារម្ភនោះ បន្ទាប់ពីទីផ្សារលក់ដុំទាំងបីបានបិទទ្វារ ទំនិញមកពីតំបន់ត្រូវបានចែកចាយដល់ទីផ្សារទីក្រុងនិងហាងលក់រាយតាមវិធីផ្សេងៗគ្នា។ ជាងនេះទៅទៀត អ្នកលក់នៅផ្សារដែលបិទទ្វារ បានដាក់លក់ទំនិញតាមអ៉ីនធឺណេត ខណៈខ្លះទៀតដឹកពីកសិដ្ឋានលក់នៅតាមផ្ទះប្រជាជន៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress


