ផ្លូវ ២០០៤ នឹងកាន់តែប្រសើរជាងមុន ខណៈអាជ្ញាធររាជធានីភ្នំពេញ ជំរុញការជួសជុលផ្លូវ និងដាក់បណ្ដាញលូ ដោះស្រាយការកកស្ទះចរាចរណ៍ និងការជន់លិចទឹកភ្លៀង
សេដ្ឋកិច្ច July 8, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងធ្វើការជួសជុលផ្លូវនិងដាក់បណ្ដាញលូនៅតាមបណ្ដោយផ្លូវសម្ដេចចៅហ្វាវាំង គង់ សំអុល ហៅផ្លូវ២០០៤ ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សា ។

ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងជួសជុលផ្លូវនឹងដាក់បណ្ដាញលូនៅតាមបណ្ដោយផ្លូវសម្ដេចចៅហ្វាវាំង គង់ សំអុលហៅ(ផ្លូវ២០០៤) និងការដាក់លូជាច្រើនខ្សែទៀត នៅទីតាំងនេះផងដែរ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋនិងការដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀង។

មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា កំណាត់ផ្លូវសម្ដេចចៅហ្វាវាំង គង់ សំអុល(ផ្លូវ២០០៤) ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ពេលនេះបាននិងកំពុងធ្វើការជួសជុល ដោយចាក់បេតុងឆ្អឹងដែក កម្រាស់២តឹក ចាប់ពីផ្លូវលេខ២៧១ រហូតដល់អតីតបញ្ជរបង់ប្រាក់ មានប្រវែង២០៩ម៉ែត្រនិងទទឹង ពី ១៨ម៉ែត្រទៅ២០ម៉ែត្រ ស្ថិតក្នុងមូលដ្ឋានខណ្ឌសែន សុខ ។ ជាមួយនឹងការជួសជុលកំណាត់ផ្លូវនេះ រដ្ឋបាលរាជធានីភ្នំពេញក៏មានការដាក់ប្រព័ន្ធលូ បង្ហូរទឹកទំហំ ១ម៉ែត្រសង្ខាងផ្លូវ ដាក់លូ កាត់ទទឹងផ្លូវ ទំហំ១ម៉ែត្រ២តឹក ចំនួន២ខ្សែ ដោយភ្ជាប់ទៅលូនៅផ្លូវ៣៧១ផងដែរ។

មន្ត្រីជំនាញបានបន្តឱ្យដឹងទៀតថា ក្រៅពីការងារខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ក៏មានការកែលម្អប្រព័ន្ធលូចំណុចប្រសព្វផ្លូវសម្ដេចចៅហ្វាវាំងគង់សំអុល(ផ្លូវ២០០៤)កែងផ្លូវ៣៧១ ផងដែរ ដោយដាក់លូជ្រុងអក្សរ U ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងនៅតំបន់នេះ ៕

ប្រភព៖ ក្រសួងព័ត៌មាន