យោងតាមកាសែត The Nation បានរាយការណ៍ថា ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២១ នេះ ប្រទេសថៃបាននាំចេញអង្ករចំនួន ២,២ លានតោនក្នុងតម្លៃ ១,៣៨ ពាន់លានដុល្លារ។ ចំនួននេះបង្ហាញពីការធ្លាក់ចុះ ២១.០៣% នៃបរិមាណ និង ២៨.១៤% នៃតម្លៃ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រធានសមាគមអ្នកនាំចេញអង្ករថៃ (TREA) លោក Charoen Laothamatas បានព្យាករថា បរិមាណនាំចេញអង្ករសរុបរបស់ថៃនៅឆ្នាំនេះនឹងឈានដល់ ៥.៧ លានតោន ទាបជាងគោលដៅ ៦ លានតោន។ លោកបានបន្តថា តម្លៃអង្កររបស់ថៃ គឺខ្ពស់ជាងគូប្រជែងរបស់ខ្លួន ដែលនេះជាមូលហេតុប៉ះពាល់ដល់ការលក់ ក្រៅពីនេះ ការឡើងថ្លៃនៃប្រាក់បាត និងគ្រោះរាំងស្ងួតក៏ជាដើមហេតុផងដែរ។
ទោះជាយ៉ាងក្ដី ក្រសួងពាណិជ្ជកម្មថៃបានសហការជាមួយ TREA ក្នុងការជំរុញការនាំចេញអង្ករប្រភេទសំខាន់ៗរបស់ប្រទេសដោយមានគោលដៅកំណើន ៤.៨% នៃការនាំចេញអង្ករផ្កាម្លិះទៅកាន់ទីផ្សារលំដាប់ខ្ពស់ កំណើនលក់អង្ករក្រអូប ៥.២% ។ បង្កើនការនាំចេញ អង្ករស ៤.៧% ទៅកាន់ទីផ្សារទូទៅ និង ៤.៩ នៃអង្ករ Parboiled ។ បង្កើនការនាំចេញអង្ករដំណើប ៣.៦% អង្ករសំរូប ១២.៥% និងអង្ករធម្មតា ១២.៥% ទៅកាន់ទីផ្សារឯកទេស៕


អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


