ថៃ នឹងបើកកោះចំនួន ៣ទៀត ទទួលភ្ញៀវទេសចរបរទេសនៅថ្ងៃទី១៥ ខែកក្កដា នេះតទៅ បន្ទាប់ពីបើកកោះភូកេត
ទេសចរណ៍ July 6, 2021 Khmernote

អាជ្ញាធរថៃ បានបញ្ជាក់នៅថ្ងៃអង្គារ ទី០៦ ខែកក្កដា នេះថា​កោះចំនួន ៣ រួមមាន Surat Thani – Samui, Pha-ngan និង Tao នឹងបើកទទួលភ្ញៀវទេសចរបរទេសឡើងវិញចាប់ពីថ្ងៃទី១៥ ខែកក្កដា នេះតទៅ ក្រោមគម្រោង “Samui Plus Model”។ ការអនុញ្ញាតបើកខាងលើឡើងវិញ គឺធ្វើឡើងបន្ទាប់ពីការបើកដំណើរការកោះភូកេត កាលពីដើម​ខែកក្កដា ថ្មីៗនេះ។

លោក Thanakorn Wangboonkongchana អគ្គលេខាធិការនៃការិយាល័យលោកនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ទេសចរណ៍អន្តរជាតិបានត្រៀមខ្លួនជាស្រេចដើម្បីមកកម្សាន្តនៅលើកោះនេះ ខណៈប្រជាជន ៧១.៤% (៨៩,០០០ នាក់) បានទទួលវ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩ រួចរាល់។

ចំពោះលក្ខខណ្ឌសម្រាប់ការចូលមកកម្សាន្ត គឺស្រដៀងនឹងលក្ខខណ្ឌដែលបានកំណត់ដោយ « Phuket Sandbox » ដែរ ដោយក្នុងអំឡុងពេល ៧ ថ្ងៃដំបូងភ្ញៀវបរទេសទាំងអស់ស្នាក់នៅ Samui ទោះបីជាពួកគេនឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរនៅជុំវិញកោះតាមផ្លូវដែលបិទជិតក៏ដោយ។ បន្ទាប់ពីសប្តាហ៍ដំបូងរបស់ពួកគេ អ្នកទេសចរអាចធ្វើដំណើរដោយសេរីជុំវិញកោះ Samui ហើយក៏អាចទៅដល់កោះ Pha-ngan និង Tao ផងដែរ។ ជាមួយគ្នានោះ អ្នកទេសចរនឹងត្រូវបានធ្វើតេស្ត Covid-19 ចំនួន ៣ ដងគឺ នៅថ្ងៃមកដល់របស់ពួកគេ នៅថ្ងៃទី ៦ ឬ ៧ និងនៅថ្ងៃទី ១២ ឬ ១៣ នៃការស្នាក់នៅរបស់ពួកគេ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand