ហូជីមិញ ទីក្រុងធំជាងគេ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់របស់វៀតណាម ក្លាយជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរបំផុត នៅក្នុងការផ្ទុះឡើងនៃជំងឺកូវីដ-១៩រលកថ្មី
សេដ្ឋកិច្ច July 5, 2021 Khmernote

យោងតា​មការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ប្រទេសវៀតណាមបានកត់ត្រាករណីកូវីដ-១៩ ក្នុងសហគមន៍ថ្មីចំនួន ២៤៤ករណីកាលពីថ្ងៃអាទិត្យ ដែលនាំឱ្យករណីសរុបនៅក្នុងទីក្រុងហូជីមិញឡើងចំនួន ៥,៨៦៥ ករណី ធ្វើឱ្យទីក្រុងដ៏ធំ និងល្បីល្បាញមួយនេះក្លាយជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរបំផុត នៅក្នុងការផ្ទុះឡើងនៃរលកថ្មីនេះ។

សារព័ត៌មានដដែលបានឱ្យដឹងថា ការចម្លងក្នុងសហគមន៍ថ្មីចំនួន ២៤៤ករណីកាលពីថ្ងៃអាទិត្យក្នុងនោះ ករណីចំនួន ២១៣ ត្រូវបានកត់ត្រានៅក្នុងទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចចម្បងរបស់វៀតណាម, ចំនួន ១១ករណី នៅប៊ិញដុង, ១០ នៅភូយឿន, ៥ នាក់នៅឡុងអាន, ៤ នៅប៊ិញឌិញ, ២ ករណីនៅវីញឡុង, ហាយផុង, បាក់កាង និងតៃនិញ និង ១ករណី នៅនីញធួន, ហាធីញ និងត្រាវិញ។

គួរបញ្ជាក់ផងដែរថា ប្រទេសវៀតណាមបានកត់ត្រាករណីចំនួន ១៦,០៩៦ ករណីនៅក្នុងទីក្រុងចំនួន ៥២ ក្នុងចំណោមក្រុង និងខេត្តចំនួន ៦៣ របស់ខ្លួនចាប់តាំងពីមានរលកនៃវីរុសកូវីដ-១៩ បានផ្ទុះឡើងនៅក្នុងប្រទេសកាលពីថ្ងៃទី ២៧ ខែមេសា។ ក្នុងចំណោមខេត្ត ក្រុងទាំងនោះ ទីក្រុងហូជីមិញនាំមុខគេដោយមាន ៥,៨៦៥ ករណី បន្ទាប់មក បាក់ជាំង មាន ៥,៦៦០ ករណី៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress