កំពង់ផែទេសចរណ៍កោះទន្សាយ គិតមកទល់ពេលនេះ សាងសង់បានប្រមាណ ៧៥%ហើយ
ទេសចរណ៍ July 5, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កំពង់ផែសម្រាប់ចំណតទូកទេសចរណ៍កោះទន្សាយ នៃតំបន់រមណីយដ្ឋានឆ្នេរកែប ស្ថិតក្នុងខេត្ដកែប ត្រូវបានសាងសង់ប្រមាណ៧៥ភាគរយហើយ។ នេះបើតាមការលើកឡើងរបស់លោក រស់ សោភ័ណ ប្រធាននាយកដ្ឋានរចនាសម្ព័ន្ធផ្លូវទឹក និងសំណង់កំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

បើតាម លោក រស់ សោភ័ណ បានឱ្យដឹងថា កំពង់ផែចំណតទូកទេសចរណ៍កោះទន្សាយនេះ បើគិតចាប់ពីដំណើរការសាងសង់រហូតដល់ពេលនេះ គឺមានរយៈពេលជាងមួយឆ្នាំមកហើយ តាមការស្នើសុំពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយសម្រេចតាមផែនការបានប្រមាណ ៧៥ភាគរយហើយ។

សូមជម្រាបផងដែរថា បើទោះបីស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ កំពុងតែបន្តរាតត្បាត ដែលធ្វើឱ្យតំបន់ទេសចរណ៍ក្នុងខេត្តកែប ពុំសូវសម្បូរមនុស្សចេញ-ចូលច្រើនដូចឆ្នាំមុនៗយ៉ាងណាក្ដី ប៉ុន្តែបើតាមការកត់សម្គាល់ឃើញថា សហគមន៍ទូក ទេសចរណ៍កោះទន្សាយនៅតែបន្តដំណើរការដូចមុនដដែល ដើម្បីរង់ចាំទទួលស្វាគមន៍ ភ្ញៀវទៅលម្ហែ ទស្សនា កម្សាន្ត នៅតាមឆ្នេរកោះទន្សាយ ដែលមានចម្ងាយពីកំពង់ផែ ចំណតទូក ប្រហែល៥គីឡូម៉ែត្រ។ លើសពីនេះទៀត កំពង់ផែទេសចរណ៍កោះទន្សាយនេះ ក្រៅពីចំណតទូកសម្រាប់នាំដំណើរអ្នកទេសចរ ក៏ជាទីចំណតមួយដ៏សំខាន់សម្រាប់ចតទូកដឹកទំនិញធន់ស្រាល (ប្រភេទទូកតូចៗ) ដែលដឹកជញ្ជូនទំនិញក្នុងសមុទ្រផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន