យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា រដ្ឋាភិបាលថៃកំពុងពន្លឿនកិច្ចពិភាក្សាជាមួយប្រទេសជិតខាងបើកច្រកព្រំដែនចំនួន ១១ ឡើងវិញ ដើម្បីជំរុញពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ដែលបានបង្ហាញសញ្ញានៃការងើបឡើងវិញយ៉ាងខ្លាំង។ បើតាមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក Jurin Laksanawisit បានឱ្យដឹងថា ការបើកច្រកព្រំដែនបន្ថែមទៀតនឹងជួយបានច្រើនក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មតាមព្រំដែនក្នុងអំឡុងពេលប៉ុន្មានខែទៀតនៃឆ្នាំនេះ។
លោកបានបន្តថា ក្នុងចំណោមច្រកព្រំដែនចំនួន ១១ ដែលត្រូវបានរាប់បញ្ចូលក្នុងកិច្ចពិភាក្សានោះគឺរួមមាន ច្រក Chaem Pong នៅ Chiang Mai, ច្រក Chiang Khan នៅ Loei, ច្រក Ban Mo និង Tha Sadet នៅ Nong Khai, និងច្រក Buketa និង Tak Bai នៅ Narathiwat។ ជាមួយគ្នានោះដែរ លោក Jurin បានបន្ថែមថា លោកគ្រោងនឹងទៅត្រួតពិនិត្យច្រកព្រំដែនក្នុងកំឡុងថ្ងៃទី ៩-១១ ខែកក្កដានៅ Ubon Ratchathani, Amnat Charoen និង Si Sa Ket ខណៈពេលកំពុងតាមដានការបើកច្រកទ្វារព្រំដែនក្នុងខេត្ត Ubon Ratchathani និង Mukdahan ។
គួរបញ្ជាក់ផងដែរថា ប្រទេសថៃប្រតិបត្តិការច្រកព្រំដែនចំនួន ៩៧ កន្លែង ដោយមាន ៥១ កន្លែងនៅតែបន្តបិទដោយសារតែការផ្ទុះឡើងនៃវីរុសកូវីស-១៩ ។ បន្ថែមពីនេះ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន (កម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឡាវ) រួមទាំងការធ្វើពាណិជ្ជកម្មឆ្លងកាត់ប្រទេស (ចិន សិង្ហបុរី វៀតណាម និងទីផ្សារផ្សេងៗទៀត) មានចំនួន ៦៧៧.០៧ ពាន់លានបាត កើនឡើង ២៩.១៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សរុបមកពាណិជ្ជកម្មតាមព្រំដែនបានកើនឡើង ១៩.៨៥% ក្នុងរយៈពេលនេះដល់ទៅ ៣៧១ ពាន់លានបាត ដោយពាណិជ្ជកម្មឆ្លងកាត់មានចំនួនសរុប ៣០៦.០៣ ពាន់លានបាតកើនឡើង ៤២.៥៧%៕




អត្ថបត៖ លីនី
ប្រភព៖ bangkokpost


