យោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំពិសេសតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះបានឱ្យដឹងថា រាជរដ្ឋាភិបាលចំណាយថវិកាមួយខែជាង ៤០លានដុល្លារ សម្រាប់ជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋប្រមាណ ៧០ម៉ឺនគ្រួសារ បូកនឹងកម្មករ និយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល ១៨ខែកន្លងទៅនេះ កម្ពុជាបានរួមគ្នាប្រយុទ្ធប្រឆាំង និងគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានយ៉ាងល្អ ដែលយើងបានឆ្លងកាត់នូវព្រឹត្តិការណ៍មួយចំនួនដែលអាច គ្រប់គ្រងបានជាបន្តបន្ទាប់។ ពេលនេះយើងត្រូវអនុវត្តបន្តទៀត ព្រោះអាចនឹងមានការឆ្លងរលកទី៣ បើមិនមានចំណាត់ការទាន់ពេលវេលាទេ ពីព្រោះ ពេលនេះមានការរាតត្បាតថ្មីបង្កដោយមេរោគបំប្លែងខ្លួន «ដែលតា» ហើយមិនមែនតែករណីកម្ពុជានោះទេ គឺជាករណីព្រួយបារម្ភលើពិភពលោក។
នាឱកាសនោះសម្ដេចតេជោ បានបង្ហាញពីការដាក់ចេញវិធានការមួយចំនួនក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ក្នុងនោះ ប្រជាពលរដ្ឋជាង ៤០ម៉ឺនគ្រួសារ ត្រូវបានរាជរដ្ឋាភិបាលផ្គត់ផ្គង់ស្បៀងអាហារ អំឡុងពេលរាជរដ្ឋាភិបាលអនុវត្តវិធានការបិទខ្ទប់។ ដោយរាជរដ្ឋាភិបាលបានចំណាយមួយខែជាង ៤០លានដុល្លារ សម្រាប់ជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋប្រមាណ ៧០ម៉ឺនគ្រួសារ បូកនឹងកម្មករ និយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករ-និយោជិត ដែលបានបម្រើការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ និងកាបូបចំនួន៤០ដុល្លារ ក្នុងរយៈពេល ៣ខែបន្ថែមទៀត ដែលការអនុវត្តវិធានការបន្ថែមនេះ គឺជាជុំទី០៩ ហើយចាប់តាំងពីការដាក់ចេញវិធានការបន្ថែមនោះមក៕



អត្ថបទ៖ លីនី


