សោកស្ដាយ! កូវីដ-១៩ ធ្វើការងារជាង៥៥ម៉ឺនកន្លែងក្នុងវិស័យទេសចរណ៍របស់ប្រទេសថៃត្រូវបាត់បង់ ក្នុងត្រីមាសទី២ នៃឆ្នាំ២០២១
ទេសចរណ៍ June 30, 2021 Khmernote

ក្រុមឧស្សាហកម្មឯកជនបាននិយាយកាលពីថ្ងៃ​អង្គារ ទី២៨ ម្សិលមិញនេះថា ប្រទេសថៃបានបាត់បង់ការងារក្នុងវិស័យទេសចរណ៍ចំនួន ៥៥០,០០០កន្លែង នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២១ នេះ ដោយសារការផ្ទុះឡើង​ជាថ្មីនៃវីរុសកូវីដ-១៩។ ការផ្ទុះឡើងខ្លាំងបំផុតរបស់ប្រទេសថៃបានចាប់ផ្តើមនៅក្នុងខែមេសារហូតមកដល់ពេលនេះ ហើយបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការចំណាយក្នុងស្រុក និងវត្តមានភ្ញៀវទេសចរបរទេស ពោលគឺមិនមានភ្ញៀវទេសចរមកកម្សាន្តឡើយ។

ជាមួយគ្នានេះ បើតាមការឱ្យដឹងពីក្រុមប្រឹក្សាទេសចរណ៍ថៃនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយដកស្រង់ពីការស្ទង់មតិ ការផ្ទុះឡើងនេះបានធ្វើឲ្យអាជីវកម្មទេសចរណ៍ ៣៦% បិទទ្វារជាបណ្តោះអាសន្ន​ និង ៤% បិទទ្វារជារៀងរហូត។ ជាងនេះទៅទៀត ការស្ទង់មិតិបានបង្ហាញថា អត្រាស្នាក់នៅសណ្ឋាគារបានធ្លាក់ចុះដល់ ១០%នៅត្រីមាសទី២ នេះ និង ២០% នៅក្នុងត្រីមាសទី១។

ប្រធានក្រុមប្រឹក្សា Chamnan Srisawat បានថ្លែងប្រាប់សន្និសីទកាសែតថា ចាប់តាំងពីមានជំងឺរាតត្បាតនេះមក អ្នកធ្វើការក្នុងវិស័យ ទេសចរណ៍ជាង ២លាននាក់បានបាត់បង់ការងារ រាប់បញ្ចូលទាំង ៤សែននាក់ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២១។ លោកបានបន្តថា ប្រតិបត្តិករទេសចរណ៍ភាគច្រើនមានលំហូរសាច់ប្រាក់ត្រឹមតែ ៦ ខែប៉ុណ្ណោះ។ ប្រសិនបើការផ្ទុះឡើងមិនអាចគ្រប់គ្រងបាន ហើយសេដ្ឋកិច្ចក៏មិនធូរស្បើយ នៅពេលនោះអាជីវកម្មកាន់តែច្រើននឹងត្រូវបិទទ្វារ។

គួរបញ្ជាក់ផងដែរ សេដ្ឋកិច្ចមួយផ្នែករបស់ប្រទេសថៃ ពឹងផ្អែកយ៉ាងខ្លាំងលើវិស័យទេសចរ​ណ៍ ខណៈដែលវិស័យនេះបានរងផលប៉ះពាល់ខ្លាំងជាងគេដោយសារវីរុសកូវីដ-១៩។ យ៉ាងណាមិញ ឧស្សាហកម្មនេះសង្ឃឹមថាការបើកទទួលភ្ញៀវទេសចរទៅកាន់កោះភូកេតចាប់ពីថ្ងៃព្រហស្បតិ៍នេះ នឹងនាំភ្ញៀវទេសចរបរទេសមួយចំនួននៅឆ្នាំនេះ ខណៈមុនពេលមានផ្ទុះឡើងនូវវីរុស ថៃរំពឹងថាការមកដល់នៃភ្ញៀវទេសចរនៅឆ្នាំ២០២១ នឹងជាចំណែកមួយនៃភ្ញៀវទេសចរបរទេសជិត ៤០ លាននាក់ក្នុងឆ្នាំ ២០១៩៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia