ប្រទេសម៉ាឡេស៊ី នឹងផ្អាកការសងបំណុល ឬ បង់ការប្រាក់រយៈពេល ៦ខែដល់ប្រជាជនទាំងអស់ដែលបានខ្ចីប្រាក់ពីសា្ថប័នហិរញ្ញវត្ថុនានា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន thesundaily។ លោក Muhyiddin Yassin នាយករដ្ឋមន្រ្តីម៉ាឡេស៊ីបាននិយាយកាលពីថ្ងៃទី២៨ ខែមិថុនា កន្លងទៅនេះថា ការផ្អាករយៈពេល ៦ខែនឹងត្រូវផ្តល់ជូនដល់អ្នកខ្ចីម្នាក់ៗ ទោះជាពួកគេមកពីក្រុម B40 (ក្រោម ៤០%) ក្រុម M40 (ពាក់កណ្តាល ៤០%) ឬ T20 (លើសពី ២០%) ឬ សហគ្រិនខ្នាតតូចក៏ដោយ។
លោកបានបន្តថា ការផ្អាកនេះ មិនទាមទារឱ្យប្រជាជនដែលជាអ្នកខ្ចីប្រាក់មានលក្ខខណ្ឌណាមួយដើម្បីដោះដូរឡើយដូចជា ការកាត់បន្ថយប្រាក់ចំណូល ការត្រួតពិនិត្យលើថាតើពួកគេបានបាត់បង់ការងារ និងឯកសារចាំបាច់ដែលត្រូវដាក់ពាក្យស្នើសុំ។ ជាក់ស្ដែង ប្រជាជនគ្រាន់តែត្រូវការដាក់ពាក្យ ហើយការយល់ព្រមនឹងត្រូវផ្តល់ដោយស្វ័យប្រវត្តិ។
ទន្ទឹមនឹងនេះ ការផ្អាកនេះ ក៏ត្រូវបានផ្តល់ជូនដល់ប្រតិបត្តិករសហគ្រាសធុនតូចនិងមធ្យម ដែលរងផលប៉ះពាល់ក្នុងការត្រួតពិនិត្យនិងអនុម័តដោយធនាគារ។ ពាក្យស្នើសុំផ្អាក នឹងត្រូវបើកឱ្យដំណើរនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នេះ ដោយអ្នកខ្ចីគ្រាន់តែត្រូវអនុវត្តនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីកែប្រែលក្ខខណ្ឌប្រាក់កម្ចីដែលពាក់ព័ន្ធ។
លោកនាយរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថាគំនិតផ្តួចផ្តើមនេះ អាចជួយដល់អ្នកខ្ចីនិងសហគ្រាសខ្នាតតូចនិងមធ្យមក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់របស់ពួកគេក្នុងអំឡុងពេលដ៏លំបាកនេះ។ ប៉ុន្តែទោះយ៉ាងណាខ្ញុំសូមណែនាំអ្នកឱ្យប្រើការផ្តល់ជូននេះ ឱ្យបានល្អបំផុត ហើយប្រសិនបើវាមិនមានភាពបន្ទាន់កុំធ្វើការខ្ចីប្រាក់បន្ថែម »៕

អត្ថបទ៖ លីនី
ប្រភព៖ thesundaily


