ទីភ្នាក់ងារ USAID បានរៀបចំស្នើសុំទៅរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងចំនួនទឹកប្រាក់ ៣លានដុល្លារ យកមកអនុវត្តគម្រោងស្តីពី ការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនត្រជាក់ Cold Chain Logistic System សម្រាប់កម្ពុជា។ នេះបើយោងតាមប្រសាសន៍របស់ Veena Reddy នាយកទីភ្នាក់ងារ USAID ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលសម្តែងការគួរសម និងជម្រាបលា ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បន្ទាប់ពីបញ្ចប់បេសកកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃច័ន្ទ ទី២៨ ខែមិថុនា នេះ។
ឆ្លៀតយកឱកាសនេះ លោកស្រីក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីផងដែរថា ទីភ្នាក់ងារ USAID បានរៀបចំស្នើសុំទៅរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងចំនួនទឹកប្រាក់ ៣លានដុល្លារ យកមកអនុវត្តគម្រោងស្តីពី ការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនត្រជាក់ Cold Chain Logistic System ដោយប្រើប្រព័ន្ធសូឡា ដើម្បីជួយដល់ការដាំដុះ និងការដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់មកកាន់ទីផ្សារ ឲ្យកាន់តែល្អប្រសើរ ធានាបានគុណភាព សុវត្ថិភាព និងតម្លៃ។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានសម្តែងនូវការគាំទ្រ និងស្វាគមន៍ចំពោះគម្រោង Cold Chain Logistic System ព្រោះលោកបញ្ជាក់ថា វានឹងជួយលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មបន្លែ ផ្លែឈើ ត្រី សាច់ឲ្យកាន់តែល្អប្រសើរជាជំហានៗផ្អែកទៅលើកស្តង់ដារផលិត វេចខ្ចប់ ថែក្សារ ដឹកជញ្ជូន និងដាក់តាំងបង្ហាញពិតប្រាកដមួយ ដែលត្រូវបានទទួលស្គាល់ទាំងក្នុងតំបន់ និងអន្តរជាតិ។
លោកបានបញ្ជាក់បន្ថែមថា នេះគឺជាគម្រោងដែលក្រសួងចង់បានដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាពនៃផលិតផលកសិកម្ម បង្កើនផលិតកម្ម និងធានាគុណភាពកសិផល សុខមាលភាពសម្រាប់អ្នកបរិភោគ និងកំណើនតម្លៃបន្ថែម។ ចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំទៅទីភ្នាក់ងារ USAID ថារាល់គម្រោង ឬកម្មវិធីជំនួយគួរគិតពិចារណាលើគោលបំណងរបស់គម្រោងធ្វើយ៉ាងណាឲ្យស្របទៅតាមការវិវឌ្ឍន៍រីកចម្រើនទាំងសេដ្ឋកិច្ច និងសង្គម ពិសេសស្របតាមបរិបទនៃការរីករាលដាលជំងឺឆ្កងកូវិដ-១៩៕

(រូបតំណាង)
(រូបតំណាង)
(រូបតំណាង)
អត្ថបទ៖ លីនី


