គម្រោង​ពង្រីកផ្លូវជាតិលេខ៥ ពីព្រែកក្តាម ទៅ ប៉ោយប៉ែត កំពុងមមាញឹកបំផុតក្នុងការសាងសង់ដោយមិត្តជប៉ុន ទោះបីកម្ពុជាកំពុងប្រយុទ្ធនឹងកូវីដ១៩
សេដ្ឋកិច្ច June 28, 2021 Khmernote

ផ្លូវជាតិលេខ ៥ ពីភ្នំពេញ (ព្រែកក្តាម)​ ដល់ក្រុងប៉ោយប៉ែតឆ្លងកាត់ខេត្តកំពង់ឆ្នាំង​ ពោធិ៍សាត់​ បាត់ដំបង​ និងខេត្តបន្ទាយមានជ័យ​ កំពុងមមាញឹកបំផុតក្នុងការសាងសង់ ដើម្បីសម្រួលដល់ការធ្វើដំណើរសម្រាប់បងប្អូនប្រជាពលរដ្ឋឱ្យបានងាយស្រួលកាន់តែឆាប់រហ័ស​ទោះបីប្រទេសកម្ពុជាកំពុងប្រយុទ្ធក្នុងសង្គ្រាមប្រឆាំងខ្មាំងកូវីដក៏ដោយ។ នេះដោយយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ហេង​ រតនា អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជា។

នៅក្នុងការបង្ហោះឯកឧត្តមបានរៀបរាប់ដូច្នេះថា៖ «ភ្នំពេញ-បាត់ដំបងវិលវិញល្ងាចមិនឆ្ងាយ! (២៨​ មិថុនា​ ២០២១)។ ម្យ៉ាងដែរភ្លឺនៅកំពង់ឆ្នាំង​ ស្រស់ស្រូបអាហារពេលព្រឹកតាមឡាននៅពោធិ៍សាត់​ គោលដៅមណ្ឌលអភិវឌ្ឍន៍សុីម៉ាក់មរតកតេជោ​ ស្រុកគាល់ក្រឡ​ ខេត្តបាត់ដំបង! អ្នកណាថា​ស្រុកខែ្មរអភិវឌ្ឍន៍ផ្លូវនានាត្រូវបានភាគីចិនយកផ្តាច់មុខនោះ​ ផ្លូវជាតិលេខ៥ពីភ្នំពេញ(ព្រែកក្តាម)​ដល់ក្រុងប៉ោយប៉ែតឆ្លងកាត់ខេត្តកំពង់ឆ្នាំង​ ពោធិ៏សាត់​ បាត់ដំបង​ និងខេត្តបន្ទាយមានជ័យ​ មានប្រវែងជាង៣៦៦គីឡូម៉ែត្រ​ ទទឹង៦០ម៉ែត្រ កំពុងមមាញឹកបំផុតក្នុងការសាងសង់​ ទោះបីជាកំពុងប្រយុទ្ធក្នុងសង្គ្រាមប្រឆាំងខ្មាំងកូវីដក៏ដោយ! គឺកសាងដោយមិត្តជប៉ុនស្មោះ! »។

គួរបញ្ជាក់ផងដែរថា គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ដែលជាការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់នេះ ចាប់ពី ២គន្លងទៅ ៤គន្លង មានទទឹង ២៣ ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូអាស្វាល់ (AC) និងមានសួនច្បារចំកណ្តាល ក្រោមទឹកប្រាក់ប្រមាណ ៥០០លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលជប៉ុន។

ជាមួយគ្នានេះ គិតត្រឹមខែមិថុនា ឆ្នាំ២០២១ នេះ ការដ្ឋានផ្លូវជាតិលេខ៥ ជារួមសម្រេចបានប្រមាណ ៦០% ហើយ ដោយកំណាត់ភាគខាងត្បូងព្រែកក្តាម-ធ្លាម្អម សម្រេច ៤៦,០៥% កំណាត់ភាគកណ្តាលធ្លាម្អម-បាត់ដំបង សម្រេច ៣៨,០៨% និងកំណាត់ខាងជើងបាត់ដំបង-បន្ទាយមានជ័យ សម្រេច ៩៧,៣០%៕

អត្ថបទ៖ លីនី