ផ្លែឈើ ៤ប្រភេទរបស់ថៃដែលកំពុងពេញនិយមនៅប្រទេសចិន ប្រឈមនឹងការត្រួតពិនិត្យម្ដងទៀត បើរកឃើញមាន​បញ្ហា អាចនឹងផ្អាកការនាំចូល
សេដ្ឋកិច្ច June 25, 2021 Khmernote

នាយកដ្ឋានគយរបស់ប្រទេសចិន បានស្នើសុំនាយកដ្ឋានកសិកម្មថៃ ធ្វើការត្រួតពិនិត្យឱ្យបានល្អិតល្អន់ លើចម្ការផ្លែឈើ និងរោងចក្រវេចខ្ចប់ សម្រាប់ការចម្លងរោគពីថ្នាំសម្លាប់សត្វល្អិត និងវីរុសកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។

សារព័ត៌មានដដែលបានឱ្យដឹងថា អាជ្ញាធរប្រទេសចិនបានស្នើសុំដើម្បីធ្វើការត្រួតពនិត្យ លើចម្ការនិងរោងចក្រដែលនាំចេញផ្លែទុរេន មៀន មង្ឃុត និងដូង ឱ្យបានច្បាស់ និងមិនឱ្យម្ចាស់ចម្ការ ក៏ដូចជារោងចក្រដឹងជាមុនឡើយ។ លោក Pichet Wiriyapaha អគ្គនាយកនៃនាយកដ្ឋាននេះបាននិយាយកាលពីថ្ងៃពុធថា យ៉ាងហោចណាស់មានរោងចក្រចំនួន ៣ និងចម្ការផ្លែឈើចំនួន ៣ នៃប្រភេទផ្លែឈើនីមួយៗគួរតែត្រូវបានត្រួតពិនិត្យនៅក្នុងខែកក្កដា។

ក្នុងនោះ ប្រតិបត្តិករទាំងអស់ត្រូវបានគេប្រាប់ឱ្យត្រៀមសម្រាប់ការត្រួតពិនិត្យនិងគោរពបទដ្ឋានសុវត្ថិភាពចំណីអាហារ ដែលបានទាមទារដោយប្រទេសចិន ក៏ដូចជាគោលការណ៍ណែនាំដែលផ្តល់ដោយអង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិនិងអង្គការសុខភាពពិភពលោក ស្តីពីសុវត្ថិភាពចំណីអាហារក្នុងកំឡុងពេលការផ្ទុះឡើងនៃវីរុសកូវីដ-១៩ ។

លោកបានបន្ថែមទៀតថា នាយកដ្ឋានគយរបស់ប្រទេសចិននឹងត្រួតពិនិត្យរាល់អាហារដែលបាននាំចូលសម្រាប់ការចម្លងរោគ កូវីដ-១៩ នៅតាមប៉ុស្តិ៍ត្រួតពិនិត្យទាំងអស់ ហើយនឹងផ្អាកការនាំចេញរយៈពេលមួយសប្តាហ៍ប្រសិនបើដានមេរោគណាមួយត្រូវបានរកឃើញនៅលើផលិតផលក្នុងការត្រួតពិនិត្យដំបូងចំនួន ២ដង។ លើសពីនេះ ប្រសិនបើរកឃើញវីរុសនេះជាលើកទីបី អ្នកនាំចេញនឹងត្រូវព្យួររយៈពេលបួនសប្តាហ៍។

គួរបញ្ជាក់ផងដែរថា ផ្លែឈើទាំងបួនស្ថិតនៅក្រោមការត្រួតពិនិត្យត្រួតត្រាការនាំស្បៀងអាហាររបស់ថៃទៅកាន់ប្រទេសចិន។ ហើយចាប់ពីថ្ងៃទី ១ ខែមករាដល់ថ្ងៃទី ១៥ ខែមិថុនាប្រទេសថៃបាននាំចេញទុរេន ២៥៣,០១៧តោនមានតម្លៃ ៣១ ពាន់លានបាត ផ្លែមៀន ចំនួន ៨៩,៣៦៦តោន មានតម្លៃ ៣.៩ ពាន់លានបាត, មង្ឃុតចំនួន ២០,៤៨៦ តោន មានតម្លៃ ១.៦ ពាន់លានបាត និងដូង ៦១,០៧០ តោនមានតម្លៃ ១.១ ពាន់លានបាតទៅចិន ដោយតម្លៃនាំចេញផ្លែឈើទាំង ៤ មុខនេះមានចំនួនជាង ៣៧ ពាន់លានបាត៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand