ប្រទេសសិង្ហបុរី នឹងរៀបចំផែនទីបង្ហាញផ្លូវអំពីរបៀប រស់នៅធម្មតាជាមួយនឹងជំងឺកូវីដ-១៩ ដល់ប្រជាជនរបស់ខ្លួន ដើម្បីអាចឱ្យពួកគេទៅធ្វើការងារ ប្រកបអាជីវកម្ម ធ្វើដំណើរកម្សាន្ត និងដើរទិញទំនិញបានដូចធម្មតាវិញ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ឬ ការបិទខ្ទប់ បើទោះបីជាវីរុសនៅតែបន្តរាតត្បាតក្នុងប្រទេស។ សហប្រធានទាំងបីរូបនៃក្រុមការងារពហុក្រសួងបាននិយាយថា ដោយមានមនុស្សចាក់វ៉ាក់សាំងបានគ្រប់គ្រាន់ វីរុសកូវីដ-១៩ នឹងត្រូវបានគ្រប់គ្រងដូចជាជំងឺឆ្លងដទៃទៀតរួមមាន ជំងឺផ្តាសាយ និងជំងឺដៃជើងនិងមាត់ ហើយសម្រាប់ប្រទេសសិង្ហបុរីនឹងផ្លាស់ប្តូរទៅរកភាពប្រក្រតីថ្មី។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មរដ្ឋលោក Gan Kim Yong រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Lawrence Wong និងរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Ong Ye Kung បាននិយាយនៅក្នុងអត្ថបទមួយដែលត្រូវបានចុះផ្សាយនៅក្នុងកាសែត Straits Times នៅថ្ងៃព្រហស្បតិ៍ (២៤ មិថុនា)នេះថា វាមានរយៈពេល ១៨ខែហើយចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម ហើយប្រជាជនរបស់យើងមាន ភាពនឿយហត់ក្នុងសមរភូមិនេះ។ ពួកគេទាំងអស់កំពុងសួរថាតើការរាតត្បាតនេះនឹងបញ្ចប់នៅពេលណា ហើយដោយរបៀបណា? ប៉ុន្តែជាអកុសលគឺថា ជំងឺនេះ មិនដែលបាត់ទៅណាទេ ដូច្នេះហើយរយៈពេលខាងមុខនេះ គឺត្រូវត្រៀមដើម្បីរស់នៅជាមួយ កូវីដ-១៩ ដែលជាជំងឺដែលអាចកើតឡើងបានគ្រប់ពេល ហើយក៏អាចគ្រប់គ្រងបានដូចគ្នា។
គួរឱ្យដឹងថាផងដែរថា ផែនទីបង្ហាញផ្លូវកំពុងត្រូវបានបង្កើតឡើង ដើម្បីផ្លាស់ប្តូរទៅរកភាពធម្មតាថ្មីនេះ ហើយវានឹងត្រូវធ្វើឡើងជាបណ្តើរៗ ជាមួយនឹងការសម្រេចបាននូវទិសដៅជោគជ័យនៃការទទួលថ្នាំបង្ការ។ ជាមួយគ្នានេះដែរ ប្រទេសសិង្ហបុរី បាននិងកំពុងចាត់វិធានការសម្រាប់វីរុស កូវីដ-១៩ ដែលកំពុងឆ្លងរាលដាល ហើយបានបង្កើនការចាក់វ៉ាក់សាំងរបស់ខ្លួនចំពេលមានការប្រកួតប្រជែងដើម្បីកាត់បន្ថយការកើនឡើងក្នុងករណី៕


![]()
អត្ថបទ៖ លីនី
ប្រភព៖ nationthailand


