យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា អង្គភាពរដ្ឋបាល Rachathewa Subdistrict ហៅកាត់ថា (SAO) នៅ Samut Prakan បានអនុម័តថវិកាចំនួន ៦៨.១ លានបាត (ប្រមាណ ២.១៤ លានដុល្លារ) ដើម្បីទិញបង្គោលភ្លើងបំភ្លឺផ្លូវដោយថាមពលពន្លឺព្រះអាទិត្យចំនួន ៧២០អំពូល បន្ថែមទៀត បើទោះបីមានភាពចម្រូងចម្រាសជុំវិញការបញ្ជាទិញមុននេះក៏ដោយ នេះបើតាមប្រភពព័ត៌មានមួយបានបង្ហើបឱ្យដឹងកាលពីថ្ងៃអង្គារថា។
ប្រភពដដែលបានឱ្យដឹងថា កាលពីដើមខែនេះអ្នកស្រុក Samut Prakan បានទៅរកគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយដើម្បីស៊ើបអង្កេតអំពីការចំណាយថវិកាដោយអង្គការ Rachathewa SAO ដែលត្រូវបានគេរាយការណ៍ថាបានចំណាយប្រាក់យ៉ាងច្រើនខុសពីធម្មតានៅលើបង្គោលភ្លើងតាមដងផ្លូវ ដែលឌីហ្សាញឡើងជាមួយរចនាបថបុរាណដោយបំពាក់រូប Kinnari ដែលជារូបកេណរី ពាក់កណ្ដាលមនុស្ស ពាក់កណ្ដាលហង្ស និងបំពាក់ដោយបន្ទះថាមពលពន្លឺព្រះអាទិត្យ។
ទោះបីជាមានភាពមិនពេញចិត្ត រួមទាំងភាពចម្រូងចម្រាសពីប្រជាពលរដ្ឋក៏ដោយក្ដី អនុសាខា Rachathewa ត្រូវបានគេអះអាងថាបានបង់ប្រាក់ចំនួន ៦៤២.៦ លានបាតសម្រាប់បង្គោលចំនួន ៦៧៧៣ ឬ ៩៤.៨៨៤ បាត សម្រាប់បន្ទះសឡា ហើយគម្រោងនេះបានចាត់តាំងឱ្យក្រុមហ៊ុន Bangkok Street Lighting Co Ltd ជាអ្នកម៉ៅការផ្តាច់មុខ។
លោក Songchai Nokkhamin ប្រធានអង្គការ Rachathewa SAO បាននិយាយថា អង្គការនៅតែមានផែនការទិញបង្គោលភ្លើងបន្ថែមទៀត ហើយនឹងមិនពន្យារពេលការទិញនេះទេ បើទោះបីជាមានការស៊ើបអង្កេតអំពីអំពើពុករលួយក៏ដោយ។ លោកបានអះអាងថា៖ «បង្គោលភ្លើងនឹងមិនត្រឹមតែផ្តល់នូវពន្លឺប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងធ្វើបង្ហាញនូវភាពស្រស់ស្អាត ទាក់ទាញ ដូចទៅនឹងតំបន់ជិតខាងយើងដែរ ខណៈ Rachathewa ក៏មាននៅក្នុងឯអាកាសយានដ្ឋានសុវណ្ណភូមិដែលជាច្រកផ្លូវអាកាសដ៏សំខាន់របស់ប្រទេសប្រទេសថៃ។
គួរបញ្ជាក់ផងដែរថា គំរោងនេះ ផ្តើមចេញពីតំរូវការរបស់ប្រជាជនក្នុងតំបន់ឱ្យមានភ្លើងបំភ្លឺតាមផ្លូវនៅក្នុងសង្កាត់របស់ពួកគេ។ អង្គការ SAO បានបង្កើតគណៈកម្មាធិការចំនួន ៣ ដើម្បីត្រួតពិនិត្យការកំណត់ TOR របស់គម្រោង ដំណើរការដេញថ្លៃតាមប្រព័ន្ធអេឡិចត្រូនិច និងការត្រួតពិនិត្យការដំឡើងតំឡើងបន្ទាប់៕



អត្ថបទ៖ លីនី
ប្រភព៖ nationthailand


