ច្បាស់ការហើយ! ក្រសួងកសិកម្ម បង្ហាញមូលហេតុចម្បងៗ ដែលធ្វើឲ្យការផ្គត់ផ្គង់ត្រីនៅបន្ដជួបបញ្ហាប្រឈម និងមិនទាន់ដោះស្រាយបាននៅឡើយ
សេដ្ឋកិច្ច June 16, 2021 Khmernote

បន្ទាប់ពីមានចម្ងល់មួយចំនួនពាក់ព័ន្ធទៅនឹងតម្រូវការ និងការផ្គតផ្គង់ត្រីនៅកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបង្ហាញពីមូលហេតុចម្បងៗមួយចំនួន ដែលធ្វើឲ្យការផ្គត់ផ្គង់ត្រីនៅបន្ដជួបប្រទះបញ្ហាប្រឈម និងមិនទាន់ដោះស្រាយបាននៅឡើយ។

យោងតាមសេចក្ដីប្រកាសព័ត៌មានដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុកឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ មូលហេតុចម្បងៗមួយចំនួននោះរួមមាន៖

១៖ ការថមថយផលត្រីពីធម្មជាតិដោយសារ៖
– កំណើនប្រជានេសាទ
– បច្ចេកទេសខ្ពស់នៃការនេសាទ និងជនប្រព្រឹត្តបទល្មើសមានល្បិចកល ក្នុងការធ្វើនេសាទខ្ពស់។
– ការរេចរិលបរិស្ថាន និងការបាត់បង់ជម្រកត្រីសម្រាប់ពងកូន។
– ការប្រែប្រួលអាកាសធាតុ ការប្រែប្រួលរបបទឹកទន្លេមេគង្គ និងការប្រើប្រាស់ដីធ្លី។
– កិច្ចសហការ និងសមត្ថកិច្ចទទួលខុសត្រូវ ក្នុងការបង្ក្រាបបទល្មើសជលផលនៅមានកម្រិត ក្រោយពីប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយកំណែទម្រង់ នៃការផ្ទេរសិទ្ធិអំណាចទៅថ្នាក់ក្រោមជាតិ។

២៖ មានបដិបក្ខក្នុងការគ្រប់គ្រងទីផ្សារត្រី នៅកម្ពុជារួមមាន៖
– មិនមានការព្រមព្រៀងណាមួយ រវាងអ្នកចិញ្ចឹមត្រីក្នុងស្រុក និងអ្នកគាំទ្រការនាំចូល រួមទាំងបណ្តាញអ្នកគាំទ្រ ទាំងពីរភាគីនេះផងដែរ។
– មាននិន្នាការគាំទ្រការនាំចូល ក្នុងគោលបំណងគាំទ្រការធ្វើពាណិជ្ជកម្មសេរី និងគាំទ្រផលិតផលដែលមានតម្លៃទាប ដើម្បីចែកចាយនៅលើទីផ្សារ សម្រាប់ប្រជាជនកម្ពុជា ដែលទទួលបានប្រាក់ចំណូលទាប។

៣៖ ការប្រកួតប្រជែងទីផ្សារក្នុងស្រុក៖
– វារីវប្បករមិនអាចផលិត និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក្នុងតម្លៃប្រកួតប្រជែង ជាមួយផលិតផលនាំចូលបានទេដោយមូលហេតុ៖ ការជ្រើសរើសទីតាំងចិញ្ចឹមមានលក្ខណៈភូមិសាស្ត្រមិនសមស្រប (ខ្វះប្រភពទឹក, បរិស្ថានជុំវិញមិនគាប់ប្រសើរ), ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការងារប្រតិបត្តិការ និងចំណីក្នុងការចិញ្ចឹមមានតម្លៃខ្ពស់, បណ្ដាញហេដ្ឋារចនាសម្ព័ន្ធទីផ្សារ និងការចែកចាយភាគច្រើនគ្រប់គ្រង ដោយបណ្តាញអាជីវករនាំចូលត្រី។

៤៖ យន្តការត្រួតពិនិត្យនៃការនាំចូល មានភាពស្មុគស្មាញទាំងបរិមាណ គុណភាព និងកាតព្វកិច្ចនានាសម្រាប់អ្នកនាំចូល និងមានសមត្ថកិច្ចទទួលខុសត្រូវជាច្រើន។

៥៖ វិស័យវិនិយោគឯកជនលើការធ្វើវារីវប្បកម្មនៅខ្វះទុន និងខ្វះចំណេះដឹងក្នុងការសិក្សា ពីតម្រូវការទីផ្សារក្នុង និងក្រៅប្រទេស គួបផ្សំជាមួយតម្លៃនៃការដឹកជញ្ជូនក្នុងស្រុក និងការនាំចេញ តម្លៃសេវាក្នុងការផលិត កែច្នៃ និងស្តុក នៅមានតម្លៃខ្ពស់៕

អត្ថបទ៖ លីនី